(បាត់ដំបង)៖ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរមួយគ្រឿង នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានបុកជាមួយរថយន្តដឹកដីមួយគ្រឿង តាមផ្លូវជាតិលេខ៥ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់៩នាក់ និងរបួសធ្ងន់៤នាក់ នេះបើយោងតាមលោក ឌឿន សម្បត្តិ អធិការរងស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បញ្ជាក់ប្រាប់ Fresh News មុននេះបន្តិច។
លោក បានបន្តថា អ្នកស្លាប់ទាំង៩នាក់ មានប្រុស៤នាក់ ស្រី៥នាក់ រីឯអ្នករបួស៤នាក់ ប្រុសម្នាក់ ស្រី៣នាក់។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងចុះជួយអន្តរាគមន៍។ រថយន្តដឹកអ្នកដំណើរខាងលើនេះ ធ្វើដំណើរពីបាត់ដំបង ទៅភ្នំពេញ៕