(ព្រះសីហនុ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិអ៉ីតាលីម្នាក់ ដែលបានស្នាក់នៅហួសទិដ្ឋាការកំណត់ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ជនបរទេសដែលឃាត់ខ្លួនឈ្មោះ GATTI CARLO កាន់លិខិតឆ្លងដែនលេខ AA១៧១៦៨៤៥ ដែលមានសុពលភាពដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប៉ុន្ដែទិដ្ឋាការលេខ TI១១០៤០៤១៦មានសុពលភាពត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ (ហួសសុពលភាពរយៈពេល៣៤ថ្ងៃ)។
មន្រ្តីនគរបាលបានបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវបឋម ជនបរទេសរូបនេះបានចូលមកក្រកម្ពុជាចុងក្រោយ តាមច្រកអន្តរជាតិចាំយាម ខេត្តកោះកុង កាលពីកំឡុងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ហើយបានចូលមកខេត្តព្រះសីហនុ ស្នាក់នៅតាមដងផ្លូវ (គ្មានទីលំនៅច្បាស់លាស់)។
បើតាមចម្លើយសារភាព ជនជាតិអ៊ីតាលី បានឲ្យដឹងថា ខ្លួនពុំមានលទ្ធភាពដើម្បីបន្ដទិដ្ឋាការថ្មីឡើយ។ បច្ចុប្បន្នជនបរទេស ត្រូវបានកម្លាំងជំនាញបញ្ចូលខ្លួន ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបន្ដនីតិវិធី៕