(ភ្នំពេញ)៖ សមត្ថកិច្ចទាំងអស់នៅកន្លែងបំផ្ទុះគ្រាប់បែក តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មិនទាន់អាចបញ្ជាក់ពីមូលហេតុបានភ្លាមៗនោះទេ ថាការបំផ្ទុះគ្រាប់បែកបណ្តាលមកពីបញ្ហាអ្វីពិតប្រាកដ គឺកំពុងស្រាវជ្រាវយ៉ាងញាប់ដៃញាប់ជើងសិន។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុថា ករណីបំផ្ទុះគ្រាប់បែបនេះ បានបណ្តាលឲ្យរថយន្តចំនួន៣គ្រឿង រងការខូចខាត គឺរថយន្តម៉ាក Lexus RX-330 មួយគ្រឿងដែលជនដៃដល់បំផ្ទុះពីក្រោម និងរថយន្ត២គ្រឿងទៀត ដែលកំពុងចតតាមផ្លូវនៅក្បែរនោះ មាន Takoma និង Vigo។
សូមបញ្ជាក់ថា នៅម៉ោង ១៩៖៤០នាទីថ្ងៃទី៦ ខែកញ្ញា នេះ មានករណីនេះបំផ្ទុះគ្រាប់មួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្សរបួស២នាក់ ដោយមិនទាន់ដឹងមូលហេតុ។
មកដល់ម៉ោង ២០៖៣០នាទី នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បាននិងកំពុងដឹកនាំកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយកម្លាំងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ នៅកន្លែងបំផ្ទុះគ្រាប់បែក៕