(ភ្នំពេញ)៖ ជាតុល្យការគិតមកដល់ត្រឹមម៉ោង ៩៖២០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ Fresh News ថា ការបោកគ្រាប់បែកនៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស ៣នាក់រងរបួសរួមមាន បុរសជនជាតិវៀតណាមម្នាក់ បុរសជនជាតិឥណ្ឌាម្នាក់ និងនារីខ្មែរម្នាក់ និងបណ្តាលឲ្យរថយន្ត ៣គ្រឿងរងការខូចខាត ហើយមិនទាន់បានឃាត់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជាជនជាតិឥណ្ឌា មានឈ្មោះ DHARMENDRA SINGH KSHETRIMAYUM អាយុ ៣៥ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ជនរងគ្រោះរូបនេះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី។
រថយន្តម៉ាក Lexus RX-330 មួយគ្រឿងដែលជនដៃដល់បំផ្ទុះពីក្រោម និងរថយន្ត២គ្រឿងទៀត ដែលកំពុងចតតាមផ្លូវនៅក្បែរនោះ មាន Takoma និង Vigo។ បើទោះបីជាយ៉ាងណា លោកស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនោះ លោកមិនទាន់អាចបញ្ជាក់ថា ពីមូលហេតុ នៃការបំផ្ទុះគ្រាប់បែកនៅកណ្តាលរាជធានីភ្នំពេញនេះនៅឡើយទេ។
បើតាមសាក្សី ដែលបានឃើញហេតុការណ៍បានបញ្ជាក់ថា ជនសង្ស័យបានជិះម៉ូតូធ្វើសកម្មភាពបោកគ្រាប់បែកចូលទៅក្រោមរថយន្តលុច្សស៊ីស RX-330 ហើយក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។
សូមបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅម៉ោង១៩៖៤០នាទីថ្ងៃទី៦ ខែកញ្ញា៕