(វ៉ាស៊ីនតោន)៖ សារអេឡិចត្រូនិច ឬ Email របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលបានបែកធ្លាយបង្ហាញ ថារដ្ឋបាលប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្រោមនយោបាយការបរទេសរបស់លោកស្រី គ្លីនតុន មានផែនការយកសង្រ្គាមនៅស៊ីរី ដើម្បីជាប្រយោជន៍នៃស្ថេរភាព ភូមិសាស្ត្រនយោបាយរបស់អ៊ីស្រាអែល។ នេះបើតាមការឱ្យដឹងពីគេហទំព័រ Wikileaks ដែលចុះផ្សាយ ដោយគេហទំព័រ http://www.choiceandtruth.com នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមគេហទំព័រ Wikileaks ដដែលអោយដឹងថា បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន កាលនៅជារដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី មានផែនការយកសង្រ្គាមស៊ីវិលស៊ីរីជា មធ្យោបាយផ្ដួលរំលំរដ្ឋាភិបាលស៊ីរី របស់ប្រធានាធិបតី លោក បាស្ហា អាល់អាសាដ ព្រោះថាវាគឺផ្លូវដ៏ល្អដើម្បី ជួយដល់អ៊ីស្រាអែល។ លោកស្រីគ្លីនតុន នៅក្នុងសារ Email ដែលបានបែកធ្លាយ បានកត់សម្គាល់ដូច្នេះថា «មធ្យោបាយដ៏ល្អជួយដល់អ៊ីស្រាអែលប្រឈមមុខនឹង នុយក្លេអ៊ែអ៊ីរ៉ង់ នោះគឺត្រូវជួយ ប្រជាជនស៊ីរី ឱ្យផ្ដួលរំលំ របបដឹកនំារបស់លោកអាសាដ ត្បិតអី បើសិនជាអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែ ទីក្រុងដាម៉ាស់ក៏នឹងអាចទទួលបាន កម្មវិធីអាវុធនុយក្លេអ៊ែនេះពីអ៊ីរ៉ង់ ផងដែរ។
មួយវិញទៀត ក្នុងករណីអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែ ច្បាស់ណាស់ថា សត្រូវចាស់ទំាងពីររបស់អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីតនិងអេហ្ស៊ីប រួមទំាងស៊ីរីក៏នឹងទទូចចង់មានអាវុធនុយក្លេអ៊ែ នឹងគេដែរ ដែលទំាងនេះជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍អ៊ីស្រាអែល ដូច្នេះរបបដឹកនំា របស់លោកអាសាដ ត្រូវតែកម្ទេចចោល» ។
សូមជំរាបថា ឯកសារបែកធ្លាយខាងលើគឺជាឯកសារមួយ ក្នុងចំណោមឯកសារមួយចំនួនដែលមិនត្រូវបាន ចាត់ថ្នាក់ដោយក្រសួង ការបរទេសអាមេរិក មានលេខកូដ F-2014-20439 Doc n ° C05794498 ហើយរក្សា ទុកនៅក្នុង Email ឯកជន របស់ស្រីគ្លីនតុន កាលលោកស្រីកាន់ដំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិកពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣៕