(ពោធិ៍សាត់)៖ រថយន្ដ Hino ដឹកប្រេងរបស់ក្រុមហ៊ុន «Tha Ry ពាណិជ្ជកម្ម» សាកល្បងកម្លាំងជាមួយរថយន្ដស្ទួច ពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ឈានចូល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥០-១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា​ ហេតុការណ៍នេះ បង្កដោយរថយន្តស្ទូចមួយគ្រឿង ម៉ាកHYUNDAI ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-3213 បើកបរដោយបុរសម្នាក់​ឈ្មោះ លន សុគន្ធ​ អាយុ២១ឆ្នាំ រស់នៅភូមិ ទួលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ (របួសធ្ងន់ភ្លៅខាងឆ្វេង) ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើ ទំនងជាងងុយហើយភាំងមួយភ្លេត ក៏ជ្រុលទៅបុកជាមួយ រថយន្តដឹកស៊ីទែនប្រេងសាំង របស់ក្រុមហ៊ុន Tha Ry ពាណិជ្ជកម្ម ម៉ាក Hino ព័ណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-2168 បើកបរដោយបុរសម្នាក់ឈ្មោះ ហេង ឃៀង អាយុ៤៧ឆ្នាំ រស់នៅភូមិទន្លេបិត ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសស្រាល) និងម្នាក់ទៀតឈ្មោះ ស៊ូ សុភ័ណ្ឌ អាយុ៣២ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំវិហារខ្ពស់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់ដាច់មាត់ខាងស្តាំ)។

ក្រោយពេលកើតហេតុ ជនរងគ្រោះ​ត្រូវបានបញ្ជូនទៅសង្គ្រោះ​ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំពោះវត្ថុតាងរថយន្តទាំងពីរត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុក ដើម្បី​ដោះស្រាយតាមនីតិវិធី៕