(ប៉ារីស)៖ រដ្ឋាភិបាលបារាំងភ្លាមៗនេះបានចេញសេចក្តីប្រកាស​ឲ្យប្រុងប្រយ័ត្នខ្ពស់ អំពីករណីបាញ់ប្រហារមួយនៅវិទ្យាល័យ Alexis de Tocqueville រងរបួសជាច្រើននាក់ ដែលស្ថិតក្នុងក្រុង Grasse ភាគខាងត្បូងប្រទេស បន្ទាប់ពីកម្លាំងប៉ូលិសក្នុងតំបន់កើតហេតុ​បានរាយការណ៍​ពី​ហេតុ​ការណ៍​នេះ​។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Associated Press (PS) នៅមុននេះបន្តិចនាយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

សេចក្តីប្រកាសខាងលើនេះគឺស្ថិតក្នុងផ្នែក នៃប្រព័ន្ធពិសេសទូទាំងប្រទេសមួយ ដែលត្រូវបានចាប់ផ្តើមអនុវត្តន៍ដោយរដ្ឋាភិបាល​​បារាំង​ នៅ​ក្រោយ​ករណី​វាយប្រហារដោយអំពើភេរវកម្មប្រល័យមួយ នៅក្នុងទីក្រុងប៉ារីសកាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ដោយឡែកជុំវិញ​ហេតុ​ការណ៍​បាញ់ប្រហារនេះ មន្រ្តីប៉ូលិសក្នុងតំបន់កើតហេតុកំពុងព្យាយាមបញ្ជាក់ថា តើមានជនរងគ្រោះដែរឬយ៉ាងណានោះនៅក្នុងក្រុងដែល​ស្ថិត​ ​នៅប្រមាណជា ៤០គីឡូម៉ែត្រពីទីក្រុង Nice ភាគខាងត្បូងប្រទេស។

គួរបញ្ជាក់ថា ករណីបាញ់ប្រហារនៅក្នុងសាលារៀនខាងលើនេះបានកើតមានឡើង ស្របពេលដែលប្រទេសបារាំងកំពុងបន្តស្ថិតនៅក្នុង​ការប្រកាសអាសន្ននៅឡើយ ចាប់តាំងតែពីពេលមានការវាយប្រហារដ៏សាហាវមួយនៅទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ និងករណីវាយ​ប្រហារមួយផ្សេងទៀតកាលពីឆ្នាំមុននេះនៅទីក្រុង Nice៕