(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនានេះថា ករណីរថយន្ត Lexus RX 300 បុកធ្លាយរបងនិវេសនដ្ឋាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក កាលពីម៉ោង៩៖១០នាទីយប់ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៥ ជនបង្កមានឈ្មោះ តាន់ សុវណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ សាកលវិទ្យាល័យបញ្ញាសាស្រ្ត  សាខាខាងត្បូងវិមានឯករាជ្យ ស្នាក់នៅផ្ទះលេខ ១៨ ផ្លូវ២០០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

សូមជម្រាបថានៅ ៩៖១០នាទីយប់មិញ ត្រង់ចំនុចផ្លូវលេខ២៤២ កែងនរោត្តម (មុខស្ថានទូតសាំងហ្គាពួរ) ផ្ទះលេខ៩៦ ផ្លូវនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានរថយន្ត០១គ្រឿងម៉ាក  Lexus RX 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q:3109 បានបង្ករគ្រោះថ្នាក់ចរាចរជាច្រើនកន្លែងតាំងពីបូឌីញ ហើយបានជិះគេចរហូតដល់ផ្លូវ២៤២ ពីលិចមកកើត ក៏ជ្រុលចង្កូតបុកចូលរបងនិវេសនដ្ឋាន​របស់ឯកអគ្គរដ្ឋទូតអាម៉េរិក  បណ្តាលឲ្យរថយន្តខូចខាតធ្ងន់ផ្នែកខាងមុខ និងធ្លាយរបងនិវេសនដ្ឋានអស់១ផ្ទាំង។

ក្រោយកើតហេតុជនបង្ក ត្រូវបានសន្តិសុខយាមនៅមុខ និវេសនដ្ឋានឃាត់ខ្លួនប្រគល់ជូន សមត្ថកិច្ចនគរបាល ដឹកបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ៕

Photo by Fresh News

Photo by Fresh News