(ភ្នំពេញ)៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថា ការស្បថរឿង «សន្លឹកឆ្នោត» ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនប៉ះពាល់ដល់វប្បធម៌សន្ទនា របស់គណបក្ស ទាំងពីរនោះទេ ។
លោក សម រង្ស៊ី បានថ្លែងក្រោយចូល គោរពវិញ្ញាណក្ខន្ធ សម្តេច ជា ស៊ីម នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា «មិនប៉ះពាល់ (វប្បធម៌សន្ទនា)ទេ នេះជាទំនៀមទម្លាប់ខ្មែរ យើងជឿអបិយជំនឿខ្លះ ប៉ុន្តែអ្វីដែលសំខាន់ ជាចាំបាច់ ជាអាទិភាព ត្រូវធ្វើមុនគេ បើចង់ដឹងថា ការបោះឆ្នោត កន្លងទៅត្រឹមត្រូវ ឬមិនត្រឹមត្រូវ យើងគួរតែផ្ទៀងផ្ទាត់ យើងគួរតែរាប់សន្លឹកឆ្នោតឡើងវិញ»។
វប្បធម៌សន្ទនា ត្រូវបានបង្កើតឡើង ក្រោយពេលដែល គណបក្សសង្រ្គោះជាតិ យល់ព្រមចូលធ្វើការ នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់បញ្ហានយោបាយ ហើយរក្សាស្ថេរភាព សន្តិសុខ និងភាពសុខសាន្ត ក្នុងប្រទេស។ វប្បធម៌សន្ទនានេះ សំដៅឱ្យគណបក្សទាំងពីរ មានភាពស្មោះត្រង់ជាមួយគ្នា គោរពគ្នា ឲ្យតម្លៃគ្នា, ជៀសវាងញុះញង់ លាបពណ៌គ្នា ការជេរប្រមាថ និង គំរាមកំហែងគ្នាជាដើម៕