(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ហើយកាសែតនេះមិនបង់ពន្ធជូនរដ្ឋទេនោះ។

លោក គង់ វិបុល បានថ្លែងបញ្ជាក់ទៀតថា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ បានចេញលិខិត ស្តីពីការកំណត់ពន្ធឡើងវិញ ជូនម្ចាស់កាសែត Cambodia Daily ពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ រួចមក, គិតមកដល់ថ្ងៃទី១៩ ខែសីហានេះ កាសែត Cambodia Daily បានធ្វើការតវ៉ាចំនួនពីរលើក។ ដោយលើកទី១ លោកស្រី Krisher-Steele ដែលជាម្ចាស់ថ្មីរបស់ Cambodia Daily បានលើកឡើង ខ្លួនបានទិញក្រុមហ៊ុននេះ ពីឪពុកក្នុងតម្លៃ១០០០ដុល្លារ ដោយមិនបានដឹងពីបញ្ហាបំណុលអ្វីឡើយ។ ប៉ុន្តែការឆ្លើយតបនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ច្រានចោលទៅវិញ និងបានបញ្ជាក់ជូនថា ការទិញក្រុមហ៊ុន គឺត្រូវទិញទាំងអស់ ទាំងទ្រព្យសម្បត្តិ និងបំណុលផងដែរ ដូច្នេះការឆ្លើយនេះ មិនអាចទទួលយកបានទេ។ ចំណែកលើកទី២ គឺជាការតវ៉ារបស់លោក Bernard Krisher អតីតម្ចាស់កាសែត Cambodia Daily ដោយតវ៉ាជាមួយ អគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុនរបស់ខ្លួនជាប្រភេទអង្គការ ក្រៅរដ្ឋាភិបាល (NGO) មិនសំដៅរកប្រាក់ចំណេញឡើយ ប៉ុន្តែការឆ្លើយតបនេះ ត្រូវបានអគ្គយកដ្ឋានពន្ធដារ ច្រានចោលជាថ្មី ព្រោះថា កាសែត Cambodia Daily មានការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេង ដែលជាអាជីវកម្ម។

អគ្គនាយកដដែលរូបនេះបានបញ្ជាក់ថា «គិតមកដល់ថ្ងៃទី១៩ ខែសីហានេះ មានការឆ្លើយតបពីកាសែត Cambodia Daily ចំនួន២ដងហើយ ប៉ុន្តែការឆ្លើយតបនោះ គឺសុទ្ធតែមិនអាចទទួលយកបានឡើយ។ ដូច្នេះនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ថ្ងៃឧសានវាទចុងក្រោយ បន្ទាប់ពីទុករយៈពេល៣០ថ្ងៃ ដើម្បីធ្វើការតវ៉ាបញ្ហានេះ ចាប់ពីថ្ងៃទី០៤ ខែកញ្ញាតទៅ អគ្គនាយដ្ឋានពន្ធដារនឹងចេញលិខិតផ្លូវការមួយទៀត បញ្ជាក់ថា កាសែត Cambodia Daily ជំពាក់បំណុលពន្ធ ហើយពន្ធដារនឹងចាប់ផ្តើមអនុវត្តន៍ការរឹបអូសពន្ធនេះ»។

លោក គង់ វិបុល បញ្ជាក់ទៀតថា «ចំពោះការអនុវត្តន៍ការរឹបអូសពន្ធនេះ នឹងត្រូវធ្វើតាមច្បាប់សារពើពន្ធ ដោយមាន ការព្យួរអាជ្ញាប័ណ្ណ បង្កកគណនីក្រុមហ៊ុន ផ្អាកការនាំចេញនាំចូល ហើយឈានដល់ការបិទកាសែតទាំងស្រុងតែម្តង ប្រសិនបើកាសែតនេះ មិនបង់ពន្ធជូនរដ្ឋទេនោះ»។

សូមជំរាបថា ឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ផ្ញើជូនកាសែតអាមេរិក Cambodia Daily ដោយជូនដំណឹងអំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ មានទឹកប្រាក់ 25,756,015,695 រៀល ត្រូវបានបែកធ្លាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហា  បានសរសេរផ្ញើជូន នាយកសហគ្រាស៖ គឺ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមានក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល»។ តាមតួលេខទឹកប្រាក់ប្រហាក់ប្រហែលជាង៦លានដុល្លារសហរដ្ឋអាមេរិក៕