(ព្រះសីហនុ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីក្រុងព្រះសីហនុ បានឲ្យដឹងទាំងកណ្តាលអាធ្រាតថា នៅម៉ោងប្រមាណ ១១៖០០យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ ដោយឡាន Lexus RX300 ពាក់ស្លាកលេខ៖ 2Q-9937 ពណ៌ទឹកមាស បានបើកបញ្ច្រាសទិស បុកអ្នកជិះម៉ូតូ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយម្នាក់ជាជនបរទេស និងម្នាក់ទៀតជាស្រ្តី។​

ចំណែករថយន្តបង្កហេតុខូចខាតយ៉ាងដំណំ និងអ្នកជិះក្នុងឡានរងរបួសធ្ងន់៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ដ៏សាហាវនេះ កើតឡើងនៅចំងាយពីនៅក្បែរស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ តែម្តង។ ជនរងរបួស៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

របាយការណ៍ប៉ូលិសបានបញ្ជាក់ថា៖

អ្នកបើកបរថយន្តបង្កឈ្មោះ សៅ លីឡុង​ ភេទ ប្រុស​ អាយុ ២៦ឆ្នាំ មុខរបរចិញ្ចឹមជ្រូក មានទីលំនៅខណ្ឌសែនសុខភ្នំពេញ មានអ្នករួមដំណើរចំនួន០២នាក់ ១. ឈ្មោះ គឹម វុត្ថា​ ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ. ២.ឈ្មោះ ហែម ឌីណាមិច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ អ្នកទាំងពីរមានទីលំនៅ ដូចអ្នកបើកបរ (មានទិសដៅពី លិច ឆ្ពោះទៅ កើត) លុះមកដល់ចំណុចកើតហេតុក៍មានម៉ូតូ ០១គ្រឿង (មកបុកចំពីមុខ) ម៉ាក HONDA AREBLADE ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ប៉ាស្យ៉ា ជនជាតិរុស្សី ភេទប្រុស​ អាយុប្រហែល ៤៧ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ាលី ភេទស្រី អាយុ៣០ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ បណ្តាយឲ្យស្លាប់មនុស្សចំនួន ០២នាក់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់
នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរចំនួន០២នាក់រងរបួសធ្ងន់ ។ រីឯវត្ថុតាងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

www.freshnewsasia.com

www.freshnewsasia.com