(ក្រចេះ)៖ ​បុរសម្នាក់ដែលច្រៀងចម្រៀងជេរប្រមាថ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបាន​​ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តក្រចេះ ចេញដីកាបង្គាប់ឲ្យដោះលែងហើយ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ នេះបើយោងតាមស្នងការនគរបាលខេត្តក្រចេះ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច។ (ទស្សនាវិដេអូដែលផ្សាយផ្ទាល់នៅស្នងការដ្ឋានខេត្តក្រចេះ)

សូមរំលឹកថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តក្រចេះ លោក ថាន់ ឃុង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន​ បុរសម្នាក់នេះ​ពីបទ​ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។​​

នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧​ សមត្ថកិច្ច​នគរបាល​ខេត្ត​ក្រចេះ​ បានឃាត់ខ្លួនបុរសម្នាក់​ នៅស្រុកកំណើតប្រពន្ធ របស់ជនសង្ស័យ នៅភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពាក់ព័ន្ធនឹងការជេរប្រមាថថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គម​ Facebook។ បុរសម្នាក់នោះមានឈ្មោះ​ ហ៊ុយ​ ឧត្ដម​ ភេទប្រុស​ អាយុ​២៩​ឆ្នាំ​ មានមុខរបរ ជាមេការក្រុមហ៊ុនទឹកសុទ្ធ នៅខេត្តកំពង់ស្ពឺ។

​នៅចំពោះមុខសមត្ថកិច្ចលោក ហ៊ុយ ឧត្តម អាយុ២៩ឆ្នាំ បាននិយាយថា កាលពីឆ្នាំ២០១៣ រូបគេបាននិពន្ធបទចម្រៀងចំនួន៤បទចំរៀង ក្នុងនោះមានបទជាចម្រៀងបែបជេរប្រមាថ ថ្នាក់ដឹកនាំ ហើយក្នុងបទ នោះដែរ រូបគេបានបង្ហោះចូលក្នុងសង្គម Facebook។ ក្រោយមកទៀត រូបគេបានឈប់ Post ប៉ុន្តែមានមិត្តភក្តិលើ Facebook មួយចំនួនជាអ្នករក្សា វីដេអូនេះទុក រួចបង្ហោះបន្ត លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧​ មាន Facebook មួយមានឈ្មោះ កែម ឡីទី១០០០០ ក៏បានយកវីដេអូនេះ មកបង្ហោះម្តងទៀតតែ​ម្តង៕