(ឥណ្ឌូនេស៊ី)៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា មានមនុស្ស ៤នាក់ ដែលជិះនៅលើយន្តហោះ Trigana Air Service ATR 42-300 ធ្លាក់នៅខេត្ត Papua ភ្ជាប់នៅលុយសុទ្ធជិត ៥០ម៉ឺនដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ Reuters ចេញផ្សាយនៅរសៀលថ្ងៃនេះ។
លោក Abu Sofjan អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា មនុស្ស៤នាក់ ដែលជិះនៅលើយន្តហោះនោះ ជាមន្ត្រីរដ្ឋាភិបាល ដោយបាននាំយកលុយ ៤៧១.៥០០ដុល្លារអាមេរិក ដែលជាលុយកម្មវិធីជំនួយផ្លូវការសម្រាប់ជនក្រីក្រ និងទុកបម្រុងដើម្បី ចែកជូនដល់អ្នកភូមិ។ លុយជិត ៥០ម៉ឺនដុល្លារអាមេរិកនោះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា ជាលុយសម្រាប់យកទៅសាងសងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិមួយ ស្ថិតនៅភាគខាងប្រទេស ដែលជាតំបន់សម្បូរដោយប្រជាជនក្រីក្រ និងខ្វះខាតច្រើន។
ខាងក្រោមនេះជាព័ត៌មានមួយចំនួនជុំវិញយន្តហោះ ATR-42 នេះ៖
ការចេញដំណើរ គោលដៅ និងការបាត់ដំណឹង៖ យន្តហោះ ATR-42 នេះ បានចាកចេញពីអាកាសយាន្តដ្ឋាន Sentani ក្នុងទីក្រុង Jayapura ខេត្ត Papua ប្រទេស ឥណ្ឌូនេស៊ី នៅវេលាម៉ោង ២៖២២នាទីរសៀលថ្ងៃអាទិត្យ ដោយគ្រោងនឹងចុះចតនៅអាកាសយាន្តដ្ឋានតូចមួយឈ្មោះថា Oksibil នៅវេលាម៉ោង៣៖១៦នាទីរសៀល។ តែជាអកុសលយន្តហោះបានបាត់ដំណឹងនៅវេលាម៉ោង២៖៥៥នាទីរសៀល ខណៈកំពុងហោះហើរលើ តំបន់ដាច់ស្រយាលភាគខាងកើតខេត្ត Papua នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ប្រចាំប្រទេស ឥណ្ឌូនេស៊ី។
អ្នកដំណើរ និងសហសេវិក៖ យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា យន្តហោះនេះមានផ្ទុកមនុស្ស៥៤នាក់ ក្នុងនោះមានអ្នកដំណើរជាមនុស្សពេញវ័យ៤៤នាក់ និងកុមារ៥នាក់ រួមទាំងសហសេវិក៥នាក់។ ប៉ុន្តែខណៈនេះ នៅមិនទាន់មានរបាយការណ៍ណាមួយ អាចបញ្ជាក់បានថា តើមានអ្នកនៅរស់រានមានជីវិតឬអត់នោះ នៅឡើយទេ។
មូលហេតុ៖ អ្នកវិភាគផ្នែកអាកាសចរណ៍របស់ សារព័ត៌មាន CNN បានបញ្ជាក់ថា ដោយសារយន្តហោះជួបគ្រោះថ្នាក់នេះ មិនបានហៅសុំជំនួយ (Distress Call) ជាហេតុនាំឲ្យមានការសន្និដ្ឋានទៅលើកត្តាជាច្រើន។ បញ្ហានេះអាចចង្អុលបង្ហាញថា សហសេវិករបស់យន្តហោះ ជាប់រវល់ក្នុងការគ្រប់គ្រងការហោះហើរ ខណៈដែលមានបញ្ហាកើតឡើង រហូតមិនអាចមានពេលគ្រប់គ្រាន់សម្រាប់ការហៅសុំជំនួយ។ ដោយឡែកមូលហេតុម្យ៉ាងទៀតដែលសាមញ្ញនោះគឺ អាចបណ្តាលមកពីពួកគេមិនបានដឹងថា យន្តហោះកំពុងស្ថិតក្នុងបញ្ហា។
មន្ត្រីផ្នែកអាកាសចរណ៍បានបញ្ជាក់ថា ក្នុងពេលដែលយន្តហោះចាប់ចេញដំណើរពីអាកាសយាន្តដ្ឋាន អាកាសធាតុមានលក្ខណៈល្អប្រសើរទេ ។ ប៉ុន្តែបើតាមការលើកឡើងរបស់លោក Ivan Cabrera ជំនាញផ្នែកឧត្តុនិយមប្រចាំសារព័ត៌មាន CNN បានបញ្ជាក់ថា ខ្យល់ព្យុះរួមទាំងផ្គររន្ទះបានកើតមាននៅត្រង់តំបន់ភ្នំ ដែលជាផ្លូវហោះហើររបស់យន្តហោះនេះ។ ហេតុនេះ បញ្ហាអាកាសធាតុអាចជាមូលហេតុមួយក្នុងចំណោមមូលហេតុនានា នៃគ្រោះថ្នាក់នេះ។
ដោយឡែកបើពិនិត្យទៅលើបញ្ហាសណ្ឋានដីវិញ ក៏អាចចាត់ទុកជាកត្តាគ្រោះថ្នាក់ផងដែរ ដោយនៅទីតាំងដែលយន្តហោះធ្លាក់នោះមានលក្ខណៈចំណោត និងជម្រាលជាខ្លាំង។
លោក Beni Sumaryanto ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Trigana បានបញ្ជាក់ថា បន្ទាប់ទទួលដំណឹងធ្លាក់យន្តហោះ ក្នុងរយៈពេល៣០នាទីក្រោយមក ក្រុមហ៊ុនក៏សម្រេចបញ្ជូនយន្តហោះមួយគ្រឿងទៀតដើម្បីហោះហើរតាមផ្លូវ នៃយន្តហោះដែលបានបាត់ដំណឹង ប៉ុន្តែភ្លាមៗនោះ ពុំបានទទួលបានព័ត៌មានអ្វីឡើយ ដោយសារអាកាសធាតុមិនអំណោយផល បូករួមទាំងភាពងងឹត និងសណ្ឋានដីជម្រាលខ្លាំង ជាហេតុនាំឲ្យពិបាកក្នុងការស្វែងរកយន្តហោះដែលបានធ្លាក់នោះ។ យ៉ាងនេះក្តីប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានផ្តល់ដំណឹងថា យន្តហោះនេះបានធ្លាក់នៅលើភ្នំ Tangok។ ប៉ុន្តែស្ថានភាពនៃគ្រោះថ្នាក់កម្រិតណានោះ កំពុងស្ថិតនៅក្រោមការតាមដាននៅឡើយ។
ប្រភេទយន្តហោះ៖ យោងតាមព័ត៌មានក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter ពីសំណាក់មន្ត្រី BASARNAS បានឲ្យដឹងថា យន្តហោះនេះជាប្រភេទយន្តហោះATR42-300 សម្រាប់ហោះហើរក្នុងស្រុក ជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Trigana របស់ប្រទេស ឥណ្ឌូនេស៊ី។ យន្តហោះនេះត្រូវបានផលិតឡើងក្នុងប្រទេស បារាំង និងអ៉ីតាលី ដែលត្រូវបានដាក់ឲ្យហោះហើរជាលើកដំបូងតាំងពីខែតុលា ឆ្នាំ១៩៩០មកម្ល៉េះ មានន័យថា យន្តហោះនេះមានអាយុកាលប្រមាណជាង២៥ឆ្នាំទៅហើយ។ គួរបញ្ជាក់ថា យន្តហោះប្រភេទហោះហើរក្នុងស្រុកនេះ មានតម្លៃប្រមាណជា១៩,៥លានដុល្លារអាម៉េរិក(របាយការណ៍ក្នុងឆ្នាំ២០១២)។
ក្រុមហ៊ុនអាកាសចរណ៍៖ យោងតាមទិន្ន័យដែលទទួលបានពីគេហទំព័រ Airfleet.com បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នេះ មានយន្តហោះចំនួន១៤គ្រឿង ក្នុងនោះប្រភេទយន្តហោះATR មានចំនួន ១០គ្រឿង និងយន្តហោះ Boeing 737 Classics ចំនួន៤គ្រឿង។ គួររំលឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Trigana នេះ ធ្លាប់ជួបហេតុការណ៍បាត់យន្តហោះយ៉ាងហោចណាស់ បីករណីក្នុងរយៈពេល១៨ខែចុងក្រោយនេះ ហើយធ្លាប់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់១៤ករណី បូករួមទាំងគ្រោះថ្នាក់ចុងក្រោយនេះផងដែរ គិតចាប់តាំងពីការចាប់ដំណើរការជាលើកដំបូងឆ្នាំ១៩៩១មក ។ សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ធ្លាប់ត្រូវបានសហភាពអឺរ៉ុប ចុះក្នុងបញ្ជីហាមឃាត់មិនឲ្យហោះហើរទៅអឺរ៉ុបផងដែរ ចាប់តាំងពីឆ្នាំ២០០៧មក ដោយសារក្តីបារម្ភ ពីភាពខ្វះស្តង់ដាក្នុងការរក្សាសុវត្ថិភាពហោះហើរ៕