​(កណ្ដាល)៖ លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្នាដៃការងារ របស់បញ្ជាការដ្ឋានអង្គរក្ស សម្ដេចនាយករដ្ឋមន្រ្តី ក្នុងការការពារសន្តិសុខ សុវត្ថិភាពបាន១០០ភាគរយជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។

ការលើកឡើងនេះ ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស ជាមួយលោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្ដាល។

​នៅចំពោះមុខនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិនរូបនេះ ​ក៏បាន​រំលឹកថា លោក ហ្ស៊ី ជីងពីង ប្រធានាធិបតីចិន បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាមិត្តរបស់ប្រទេសចិន ដូចនេះក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋានអង្គរក្សសម្ដេចនាយករដ្ឋមន្រ្តី។​

ជាមួយគ្នានេះ ​នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំដែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំកងទ័ព និងប្រជាជនចិន ដែលតែងតែបានផ្ដល់ជំនួយនានា សម្រាប់ការអភិវឌ្ឍ​ប្រទេសកម្ពុជា និងបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កងទ័ព ការងារមនុស្សធម៌ និងចិនជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសកន្លងមកបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យកងទ័ពដល់ បញ្ជាការដ្ឋានអង្គរក្ស។

​សូមជម្រាបថា លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានដល់ប្រទេសកម្ពុជា​ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

តាមការគ្រោងទុកលោក ចាវ ឃើជឺ នឹងចូលសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើស បច្ចេកវិទ្យាទូរគមនាគមន៍ និងសេចក្ដីថ្លែងការណ៍រូម រវាងភាគីទាំង២៕