(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវឲ្យអ្នកដែលមានលទ្ធភាពជួលមនុស្សមកបម្រើតាមផ្ទះ មេត្តាយកចិត្តទុកដាក់ និងផ្ដល់ប្រាក់ឈ្នួលឲ្យពួកគេបានសមរម្យ ព្រោះអ្នកបម្រើតាមផ្ទះធ្វើការហត់នឿយជាងកម្មករតាមរោងចក្រ ហើយគ្មានម៉ោងគ្មានពេល និងគ្មានថ្ងៃឈប់សម្រាកនោះឡើយ។
ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៧ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «សូមផ្ដាំផ្ញើរទៅដល់អ្នកដែលមានលទ្ធភាព ជួលអ្នកបម្រើតាមផ្ទះ សូមមេត្តាផ្ដល់ការយកចិត្តទុកដាក់ដល់អ្នកដែលនៅជាមួយ ដោយសារតែគ្នាក្រទើបគ្នាមកនៅជាមួយនឹងយើង ប៉ុន្ដែសូមកុំភ្លេចថា កម្មករ-កម្មការិនីរោងចក្រ ធ្វើការមានម៉ោងមានពេលមានថ្ងៃឈប់សម្រាក ឯអ្នកដែលរស់នៅដាំស្លរធ្វើជាមេផ្ទះនៅជាមួយយើង គ្នាអត់មានពេលសម្រាកថ្ងៃអាទិត្យ ថ្ងៃបុណ្យ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ»។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា «ត្រូវយល់ការលំបាករបស់អ្នកដែលនៅជាមួយខ្លួន (អ្នកបម្រើតាមផ្ទះ) ត្រូវផ្ដល់ការថែទាំងសម្រាប់គ្នា សូមផ្ដាំផ្ញើរទៅអ្នកដែលមានលទ្ធភាពទាំងឡាយ ធ្វើចិត្តធម៌ចំពោះអ្នកដែលនាំមកឲ្យធ្វើកិច្ចការផ្ទះ ដាំបាយ ឬបម្រើតាមផ្ទះរបស់យើង ព្រោះកម្មករធ្វើការក្នុងផ្ទះ ហត់នឿយជាង កម្មករធ្វើការតាមបណ្ដារោងចក្រទៅទៀត អត់មានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃបុណ្យនោះទេ»។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចបានយល់ពីទុក្ខធុរៈរបស់អ្នកបម្រើតាមផ្ទះ ព្រោះសម្តេចមានឈ្នួលនៅក្នុងផ្ទះ។ សម្តេចថែមទាំងបានលើកឡើងពីការកម្សត់មួយចំនួនទៀតរបស់អ្នកបម្រើតាមផ្ទះនេះថា ពួកគេត្រូវព្រាត់ប្តី ព្រាត់កូន ហើយពេលខ្លះនៅពេលខ្លួនបានហូបឆ្ងាញ់តែនឹកដល់ប្តី ដល់កូន ដែលអត់អីហូបនៅឯផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យអ្នកយកមនុស្សមកនៅបម្រើខ្លួនតាមផ្ទះត្រូវមានគុណធម៌ចំពោះអ្នកនៅជាមួយ ហើយត្រូវផ្តល់ប្រាក់ឈ្នួលពួកគេឲ្យបានសមរម្យ។
«ក្រៅពីការយកចិត្តទុកដាក់ទៅលើកម្មករក្នុងប្រព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ ចំពោះកម្មករក្រៅប្រព័ន្ធដែរ ដែលក្នុងនោះរាប់បញ្ជូលទាំងអ្នកដែលធ្វើការតាមផ្ទះ (អ្នកបម្រើតាមផ្ទះ) នេះជាចំណុចដែលមិនត្រូវមើលស្រាល និងត្រូវដោះស្រាយបញ្ហា ខ្ញុំយកការអំពាវនាវ ចំពោះអ្នកដែលមានលទ្ធភាព ត្រូវយកចិត្តទុកដាក់ដូចម្ដេចខ្លះ? គ្នាធ្វើការហត់នឿយ ត្រូវតែផ្ដល់ប្រាក់បៀវត្ស ឲ្យបានច្រើនបន្ដិច..... នេះជាគុណធម៌នៃអ្នក
ដែលមានលទ្ធភាព ហោចណាបានទទួលខុសត្រូវខាងសីលធម៌ ចំពោះអ្នកដែលរស់នៅជាមួយយើង ត្រូវផ្ដល់សេចក្ដីសុខសម្រាប់ខ្លួនគាត់ ព្រមទាំងម្ដាយកូន និងប្ដីរបស់គាត់ ដែលនៅខាងក្រៅ និងកំពុងមានការលំបាក តែអ្វីដែលត្រូវយកចិត្តទុកដាក់ជាបឋម គឺអ្នកដែលនៅជាមួយយើង ត្រូវទទួលការថែទាំ ធ្វើយ៉ាងណាឲ្យគ្នាមានសុខភាពល្អ ហើយប្រាក់ចំណូលក៏សមគួរ ដើម្បីមានលទ្ធភាព បញ្ជូនប្រាក់ចំណូលសម្រាប់កូននៅឯផ្ទះឯណោះ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា នេះជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ព្រោះអ្នកខ្លះក៏ចិត្តបាន អ្នកខ្លះទៀតក៏ចិត្តមិនបានជាមួយអ្នកបម្រើរបស់ខ្លួន៕