(តាកែវ)៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានព្រមានថា នឹងស្នើផ្លាស់ប្តូរតំណែងប្រធានមន្ទីរស្ថាប័នក្នុង ខេត្តតាកែវ ដែលមិនព្រមអនុវត្តការងារតាមក្រុមប្រឹក្សាខេត្តពីពីរទៅបីដង។ ការព្រមាននេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ។

លោក ឡាយ វណ្ណៈ បានថ្លែងបន្តថា «រាល់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត អស់លោកប្រធានមន្ទីរ ដែលចូលរួមប្រជុំត្រូវតែយកចិត្តទុកដាក់ស្ដាប់ និងកត់ត្រាទុក ហើយត្រូវអនុវត្តន៍តាមការលើកឡើង។ មិនចាំបាច់ទាល់តែអភិបាលខេត្ត ណែនាំដោយផ្ទាល់នោះទេ។ ហើយប្រសិនបើបញ្ហាណាមួយដែលសមាជិកក្រុម ប្រឹក្សាខេត្តលើកដដែលព្រោះតែប្រធានមន្ទីរនោះមិនអនុវត្តទេ សមាជិកក្រុមប្រឹក្សាខេត្ត អាចស្នើសុំផ្លាស់ប្ដូរប្រ ធានមន្ទីរនោះចេញ ព្រោះមិនអាចធ្វើជាសេនាធិការឲ្យអភិបាលខេត្តបាន»

គួរបញ្ជាក់ថា កន្លងមកលោកអភិបាលខេត្តតាកែវ ក៏ធ្លាប់បានធ្វើការព្រមាន ចំពោះប្រធានមន្ទីរមួយចំនួន ដែលមិន មកចូលរួមប្រជុំក្រុមប្រឹក្សាខេត្ត ដែលធ្វើក្នុងមួយខែម្តង។ បន្ទាប់ពីការព្រមាននេះ គេសង្កេតឃើញអស់លោកប្រ ធានមន្ទីរមួយចំនួនធំ បានបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំក្រុមប្រិក្សានេះ ដោយមិនបានអវត្តមាន ឬបញ្ជូនអនុប្រធានមកចូលរួមដូចពេលមុនទៀតទេ៕