(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាល ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ បានអញ្ជើញចូលរួម សំណេះសំណាល និងសួរសុខទុក្ខ បុគ្គលិកសិក្សា ដែលជាគ្រូបង្រៀន គ្រប់ភូមិសិក្សា ក្នុងក្រុងពោធិ៍សាត់ ទាំងមូល។ នេះជាលើកទី១ ហើយដែល លោកអភិបាលខេត្ត បានជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយក្រុមគ្រួសារ គ្រូបង្រៀន បន្ទាប់ពីបានសាកសួរសុខទុក្ខ ជាមួយក្រុមគ្រួសារម៉ូតូឌុប ក្នុង ក្រុងពោធិ៍សាត់ បានចំនួន ៣លើក កន្លងមកនេះ។

សមាសភាពលោកគ្រូ អ្នកគ្រូ ដែលបានចូលរួម ក្នុងពិធីនេះមានចំនួន ៨៥១នាក់ ក្នុងនោះ ស្រ្តីចំនួន ៣៩៩នាក់។ ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត ក្នុងនាម មេគ្រួសារគ្រូបង្រៀន លោក បានបង្ហាញពីការ យកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡា ជាមួយមន្ត្រីរាជការ ដែលជាបុគ្គលិកសិក្សា ក្នុងការតម្លើង ឋានន្តរស័ក្កិ តួនាទី ឲ្យមានភាពត្រឹមត្រូវ ទៅតាមនីតិវិធីច្បាប់ និងមិនឲ្យមានជាដាច់ខាត ក្នុងករណីតម្លើង ឋានន្តរស័ក្កិ តួនាទី បុគ្គលិកសិក្សា ដែលគិតតែពីបក្ខពួកនិយម។

ក្នុងនាមលោក ជាមេគ្រួសារគ្រូបង្រៀន លោក បានបើកចំហរបេះដូង ទទួលយកនូវរាល់បញ្ហាប្រឈម ភាពអយុត្តិធម៌ ដែលកើតមានក្នុង អង្គភាពសាលា កំរងសាលានីមួយៗ ការិយាល័យ ក៏ដូចជា នៅក្នុងមន្ទីរផ្ទាល់ ហើយលោក ក៏បានបញ្ជាក់ឲ្យតាមបណ្ដា អង្គភាពសាលា ការិយាល័យ និងមន្ទីរ សូមឲ្យមានសាមគ្គីភាព ផ្ទៃក្នុងខ្ពស់។

លោកអភិបាលខេត្ត ធានានូវការដោះស្រាយជូនទាំងក្នុង នាមជាថ្នាក់ដឹកនាំខេត្ត និង ក្នុងជាមេគ្រួសារគ្រូបង្រៀន ជាពិសេស លោកយកចិត្តទុកដាក់ខ្លាំងចំពោះលោកគ្រូ អ្នកគ្រូ ដែលមានជីវភាពខ្វះខាត និងមានជម្ងឺពុំមានលទ្ធភាព អាចដោះស្រាយព្យាបាលបាន សូមទាក់ទងទៅលោក ផ្ទាល់ ដើម្បី លោកមានវិធានការអន្តរាគមន៍ ។ អភិបាលខេត្ត បានឧបត្ថម្ភ ដល់លោកគ្រូ អ្នកគ្រូទាំង ៨៥១ នាក់ ក្នុងម្នាក់ៗ ទទួលបានសារុងចំនួន ០១ ផងដែរ៕

Photo by Fresh News

Photo by Fresh News<

Photo by Fresh News

Photo by Fresh News