(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគយ និងរដ្ឋាករ ប្រចាំ៩ខែ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការ ចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយ និងរដ្ឋាករមួយចំនួន នៅទូទាំងប្រទេស នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១នេះ អគរ ប្រមូលចំណូលបានចំនួន៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១លានដុល្លារ គឺសម្រេចបាន៧១.៩% នៃផែនការ ឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%»។
បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ២,៦១៧.៨ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៨.០%នៃចំណូលសរុប), អាករពិសេសមាន ២,៥៧០.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៤%នៃចំណូលសរុប), ពន្ធនាំចូលមាន ១,២៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើ ផលិតផលប្រេងមាន ៣១២.០ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១៣៧.២ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។
បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២,៨៨២.០ ប៊ីលានរៀល គ្របដណ្តប់ ៤១.៩% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៩៤៨.២ ប៊ីលានរៀល ត្រូវជា ២៨.៣%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,៦២០.៦ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ៤៣០.៧ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប ។
បើពិនិត្យមើលតួលេខទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ មានបម្រែបម្រួលដូចខាងក្រោម៖
* ការនាំចេញសម្រាប់ផលិតផលកាត់ដេរមានចំនួន ៨,២៤១.៧ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើនឹង ១១.៤% ធៀបនឹងរយៈពេល៩ខែ ក្នុងឆ្នាំ២០២០
* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិកត្រូនិក បង្គុំខ្សែភ្លើងនិងគ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលឈើប្រណិត ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ៣,៣៧៩.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤០.០ លានដុល្លារអាមេរិក ឬប្រមាណ ៥០.៩% ធៀបនឹងរយៈពេល ០៩ខែ នៃឆ្នាំ២០២០។
តួលេខកំណើននៃការនាំចេញ នៃផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំងពីលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានវិស័យឧស្សាហកម្មនៅកម្ពុជា និងការវិលត្រលប់មករកភាពល្អប្រសើរ នៃទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប
* ការនាំចេញកសិផលមានចំនួន ២,១០៥.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៤៦.៣ លានដុល្លារអាមេរិក ឬស្មើនឹង ៥៤.៩% ក្នុងនោះរួមមាន
ទី១៖ ការនាំចេញស្រូវមានចំនួន ២,៥២១.៦ ពាន់តោន មានតម្លៃ ៥៩៤.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៤៣៦.៥ពាន់តោន (១៣២.៤%) ឬស្មើតម្លៃ ៣៥៩.៣ លានដុល្លារអាមេរិក (១៥២.៦%)
ទី២៖ ការនាំចេញអង្ករសម្រេចបាន ៤១៨.៣ តោន មានតម្លៃ ២៨៦.៣ លានដុល្លារអាមេរិក មានការថយចុះ ៨៩ពាន់តោន (១៧.៥%) ឬ ៧៧.១ លានដុល្លារអាមេរិក (២១.២%)
ទី៣៖ កៅស៊ូនាំចេញមានចំនួន ១៧៤.១ ពាន់តោន មានតម្លៃ ២៦៥.៨ លានដុល្លារអាមេរិក មានការកើនឡើង ៤៨.៣ ពាន់តោន (៣៨.៤%) ឬប្រមាណ ១១១.៦ លានដុល្លារអា-មេរិក (៧២.៣%)
និងទី៤៖ កសិផលផ្សេងទៀតមានចំនួន ៤,២៦៩.៤ ពាន់តោន មានតម្លៃ ៩៥៨.២ លានដុល្លារអាមេរិក មានការកើនឡើង ១,១៨៩.៧ ពាន់តោន (៣៨.៦%) ឬប្រមាណ ៣៥២.៥ ពាន់ដុល្លារអាមេរិក (៥៨.២%)។
ទន្ទឹមនឹងការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេចបានលទ្ធផលល្អប្រសើរលើការងារសំខាន់ៗមួយចំនួនទៀត ដែលមានចែង ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដោយអនុលោមតាមយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយឆ្នាំ២០១៩ - ២០២៣។
ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងបរិបទដែលប្រទេសកម្ពុជាយើង ក៏ដូចជាសាកលលោកទាំងមូលកំពុងជួបប្រទះនឹងរោគរាតត្បាតកូវីដ-១៩ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើការក្រើនរម្លឹកនូវអនុសាសន៍ណែនាំ របស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖
១៖ ការពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ ជាពិសេសការអនុវត្តស្របតាមអភិក្រម ៥ ប្រការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់
២៖ ការលើកកម្ពស់អនុលោមភាពវិស័យឯកជន
៣៖ ការពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន,
៤៖ ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធ
៥៖ ការពង្រឹងប្រសិទ្ធភាពការងារចរន្តដែលត្រូវអនុវត្តប្រចាំថ្ងៃ
៦៖ ការពង្រឹងការអនុវត្តយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
និង៧៖ ការបន្តចូលរួមអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល។
បន្ថែមលើនេះ លោករដ្ឋមន្រ្តីប្រតិភូ បានណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការកៀរគរចំណូល ប្រកបដោយភាពសកម្ម បុរេសកម្ម ដោយប្រើអស់សក្តានុពលបញ្ញានិងស្មារតីក្នុងការ៖
១៖ ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ
២៖ ពង្រឹងប្រសិទ្ធភាពការងារបច្ចេក-ទេសគយ
៣៖ បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹម និងបន្ថែសកម្មភាពបង្ការនិងបង្រ្កាបអំពើរត់ពន្ធរថយន្តតាមតំបន់ជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសថៃ
៤៖ ផ្តល់សេវាល្អនិងរហ័សជូនធុរជនពាក់ព័ន្ធ
៥៖ បន្តអនុវត្តការងារសវនកម្មគយតាមបណ្តាសហគ្រាសមួយចំនួនជាជំហានៗ
៦៖ ពង្រឹងការងារគ្រប់គ្រងហានិភ័យ
៧៖ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម
៨៖ លើកកម្ពស់អភិបាលកិច្ចល្អក្នុងអង្គភាព
និង៩៖ ពិនិត្យនិងរៀបចំតារាងពន្ធគយសម្រាប់ឆ្នាំ២០២២ជាដើម។
សម្រាប់យុទ្ធនាការនៃការប្រមូលពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស លោករដ្ឋមន្ត្រីប្រតិភូ បានរម្លឹកកដល់គ្រប់អង្គភាពគយនិងរដ្ឋាករ ត្រូវបន្តផ្សព្វផ្សាយដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ឲ្យបានទូលំទូលាយ និងត្រូវទទួលស្វាគមន៍ម្ចាស់ យានយន្តដែលស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ប្រកបដោយភាពរួសរាយនិងរាក់ទាក់បំផុត។
ទន្ទឹមនេះ ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីគយនិងរដ្ឋាករទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការអនាម័យសុខាភិបាល ៣ កុំ និង ៣ ការពារ បើទោះបីបានទទួលនូវការចាក់វ៉ាក់សាំងដូសជំរុញរួចហើយក្តី និងត្រូវបន្តចូលរួមក្នុងការងារសង្គម តាមរយៈការអនុវត្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ចុះជួយ សម្រួលការលំបាករបស់ក្រុមជនងាយរងគ្រោះ ដូចជា កុមារកំព្រា ជនទីទាល់ក្រ ជាដើម ដែលកំពុងជួបការលំបាកពិតប្រាកដដោយសារវិបត្តិកូវីដ-១៩ កន្លងមក៕