(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបានជាង ៨ ៩៣១លានដុល្លារអាមេរិក កើនឡើង៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឲ្យដឹងថា ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនប្រមាណ ១ ២២២លានដុល្លារអាមេរិក មានកំណើន៤៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
ដោយឡែកទំហំនៃការនាំចូលពីប្រទេសចិន មកកាន់កម្ពុជាវិញ មានចំនួនប្រហែល ៧ ៧០៩លានដុល្លារអាមេរិក មានកំណើន៣៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ចិន មានកំណើនកើនឡើង ទោះបីជាស្ថិតក្នុងបរិបទ ជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឲ្យឃើញពីភាពខ្លាំងក្លា និងមានកម្លាំងឥទ្ធិពល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
គូសបញ្ជាក់ថា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក ធ្លាក់ចុះ៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ៨,៥៦៣.៣១លានដុល្លារ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២២។ កសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា ធ្វើឲ្យផលិតផលកម្ពុជាកាន់តែច្រើន នឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញ អ្នកវិនិយោគមកកាន់កម្ពុជាផងដែរ។
ប្រទេសចិន គឺជាប្រភពធំបំផុត នៃការវិនិយោគផ្ទាល់ពីបរទេស ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត របស់កម្ពុជាផងដែរ៕