(ភ្នំពេញ)៖ វិស័យកាត់ដេរនៅកម្ពុជា បានបង្ហាញនូវដំណើរការល្អទាំងការផលិត ការនាំចេញ និងកំណើននៃការបញ្ជាទិញ ខណៈការនាំចូលក្រណាត់សម្រាប់ផលិតកម្មរោងចក្រកាត់ដេរកើនឡើងជាង២៥%។

បើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ របស់ធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា បានឱ្យដឹងថា រយៈពេល៩ខែដំបូងឆ្នាំនេះ កម្ពុជានាំចូលក្រណាត់សម្រាប់ផលិតកម្មរោងចក្រកាត់ដេរមានតម្លៃប្រមាណ៣៥០០លានដុល្លារកើនឡើងជាង២៥%។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែធ្នូនេះថា ការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្មរោងចក្រកាត់ដេរកើនឡើងនៅឆ្នាំនេះ គឺស្របគ្នានឹងកំណើននៃការនាំចេញសំលៀកបំពាក់ ស្បែក និង ផលិតផលសម្រាប់ធ្វើដំណើរ។

លោកបានឱ្យដឹងយ៉ាងដូចច្នេះថា «កំណើននៅក្នុងវិស័យមួយៗខុសគ្នាបន្តិច ឃើញថា សំលៀកបំពាក់កំណើនទាបជាងគេ ប្រហែល៥% នៅក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ប៉ុន្តែបើស្បែកជើងកំណើនប្រហែលជាង១៥% ហើយបើផលិតផលធ្វើដំណើរវិញ មានកំណើនខ្លាំងមែនទែន គឺជាង៣០% គឺប្រហែល៣៥%ធៀបទៅនឹងឆ្នាំមុន។ ជាទូទៅផលិតផលសំលៀកបំពាក់ ជាផលិតផលដែលមានកំណើនទាប ហើយយើងត្រូវការប្រកួតប្រជែងខ្លាំងជាមួយប្រទេសផ្សេងទៀត ជាពិសេសបង់ក្លាដេស វៀតណាម ដោយឡែកកំណើនខ្ពស់ ទៅលើផលិតផលធ្វើដំណើរ ដោយសារយើងទទួលបានលើកលែងពន្ធ នាំចូលទៅក្នុងសហរដ្ឋអាមេរិក យើងអត់មានពន្ធនាំចូលទេ សំលៀកបំពាក់ គឺយើងបង់ពន្ធធម្មតា»

លោកបន្ថែមថា បើធៀបនឹងឆ្នាំមុន នៅឆ្នាំ២០២១នេះ ស្ថានភាពវិស័យកាត់ដេរនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារមានស្ថេរភាពផលិតកម្ម ដែល រក្សាការផលិត នាំឱ្យមានកំណើននៃការនាំចេញ ខណៈការបញ្ជាទិញសម្រាប់ឆ្នាំនេះ កើនឡើងជាងឆ្នាំមុនផងដែរ។

ចំណែកការនាំចូលទៅកាន់សហរដ្ឋអាមេរិកវិញ ក៏នៅតែមានកំណើនល្អប្រសើរ បើទោះបីជាប្រព័ន្ធអនុគ្រោះពន្ធ GSP មិនទាន់បានផ្តល់សុពលភាពវិញក៏ដោយ។ ជាមួយគ្នានេះរោងចក្រដែលធ្លាប់ផ្អាកផលិតកម្មកាលពីដើមឆ្នាំ បានដំណើរការផលិតកម្មធម្មតាវិញផងដែរ។

តាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក កម្ពុជាបាននាំចេញផលិតផលក្នុងឧស្សាហកម្មកាត់ដេរ ទៅកាន់សហរដ្ឋអាមេរិក កើនឡើង៣១.៩% ដែលមានតម្លៃ៣.៤ពាន់លានដុល្លារ ក្នុងខែកញ្ញា ឆ្នាំ២០២១ បើទោះបីជា GSP មិនទាន់ផ្តល់សុពលភាពឡើងវិញក៏ដោយ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២១ ការនាំចេញសម្រាប់ផលិផលកាត់ដេរ មានចំនួន ៨,២៤១.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើនឹង១១.៤% ធៀបនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២០៕