(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ីត្រូវបានរំពឹងថានឹងកើនឡើងដល់កម្រិតថ្មីមួយដល់ចំនួនប្រហែល ១៤០ប៊ីលានដុល្លារនៅឆ្នាំ២០២១នេះ។ នេះបើយោងតាមកាសែត Global Times។

លោក Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងក្នុងសន្និសីទព័ត៌មានមួយថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសរុស្ស៊ីរយៈពេល ១២ឆ្នាំជាប់គ្នា ដោយពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់កម្រិតថ្មីមួយក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះមានចំនួន ១៣០,៤៣ប៊ីលានដុល្លារ ពោលគឺកើនឡើង ៣៣,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ២,៣ពិន្ទុភាគរយធៀបនឹងកំណើនពាណិជ្ជកម្មជាមធ្យមរបស់ប្រទេសចិន។

លោក Shu បានកត់សម្គាល់ថា រចនាសម្ព័ន្ធពាណិជ្ជកម្មរវាងចិន-រុស្ស៊ី មានភាពប្រសើរឡើង ហើយទម្រង់អាជីវកម្មថ្មីៗកំពុងកើនឡើង។

អ្នកនាំពាក្យរូបនេះបានបន្តថា៖ «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងព្រំដែនរវាងចិននិងរុស្ស៊ី បានវិវឌ្ឍយ៉ាងឆាប់រហ័ស ដោយការសាងសង់ឃ្លាំងទំនិញ និងភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចក្នុងប្រទេសរុស្ស៊ីកំពុងមានវឌ្ឍនភាពជាលំដាប់ ដើម្បីចូលរួមចំណែកដល់កំណើនពាណិជ្ជកម្មទ្វេភាគីប្រកបដោយនិរន្តរភាព»។

ទិន្នន័យរបស់គយបានបង្ហាញថា ពាណិជ្ជកម្មចិននិងរុស្ស៊ីក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ បានកើនឡើងលើសកម្រិតកាលពីឆ្នាំមុន។ ការនាំចេញរបស់ចិនទៅកាន់រុស្ស៊ីមាន ៣៨៤,៤៩ប៊ីលានយ័ន (៦០,៣៦ប៊ីលានដុល្លារ) កើនឡើង ២១,៩ភាគរយ ខណៈដែលការនាំចូលពីរុស្ស៊ីបានកើនឡើងដល់ ៤៥៨,៩២ប៊ីលានយ័ន កើនឡើង ២៥,៩ភាគរយ។

លោក Song Kui ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចតំបន់ចិន-រុស្ស៊ី បានប្រាប់កាសែត Global Times នៅថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរជួយបំពេញឱ្យគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ ដោយរុស្ស៊ីសម្បូរទៅដោយរ៉ែ និងថាមពល ហើយចិនជាអ្នកកែច្នៃរ៉ែ។

លោក Song បានថ្លែងថា ស្ពានផ្លូវហាយវ៉េរវាងចិន-រុស្ស៊ីដែលនឹងបើកសម្ពោធក្នុងពេលឆាប់២នេះ នឹងជួយឱ្យពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់កម្រិតថ្មីមួយទៀត។

ចាប់ពីខែមករាដល់ខែវិច្ឆិកា ចិនបាននាំចូលផលិតផលថាមពលពីរុស្ស៊ីក្នុងតម្លៃ ២៩៨,៧២ប៊ីលានយ័ន កើនឡើង ៤៤,២ភាគរយ ហើយការនាំចូលរ៉ែលោហៈកើនឡើងដល់ ២៦,៥៧ប៊ីលានយ័ន កើនឡើង ២១,៧ភាគរយ។

ការនាំចូលប្រេងឆៅសរុបមានចំនួន ២៣២,៨១ប៊ីលានយ័ន កើនឡើង ៣០,៩ភាគរយ ហើយការនាំចូលធ្យូងថ្មសរុបមានតម្លៃ ៤១,៧៩ប៊ីលានយ័ន កើនឡើង ១៧១,៣ភាគរយ។ ការនាំចូលឧស្ម័នធម្មជាតិកើនឡើង ៧៤,៨ភាគរយដល់ ២៤,១២ប៊ីលានយ័ន ហើយការនាំចូលរ៉ែដែកកើនឡើង ២,៦ភាគរយដល់ ៩,៦១ប៊ីលានយ័ន។ នេះបើយោងតាមកាសែត Global Times៕