(ភ្នំពេញ)៖ ទុនវិនយោគក្នុងវិស័យសំណង់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ មានតម្លៃប្រមាណជាង៥ពាន់លានដុល្លារ ខណៈ ពេញមួយខែវិច្ឆិកា គម្រោងសាងសង់អគារនានា បានកើនឡើងជាង៣០០គម្រោង។ នេះបើតាមការឱ្យដឹងពីលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

លោក ឡៅ ទិព្វសីហា បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃទី២០ ខែធ្នូនេះថា ក្នុងរយៈពេល១១ ខែឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៣ ៩២៥ គម្រោង មានផ្ទៃក្រឡាសំណង់ ១២ លានម៉ែត្រការ៉េ កើនឡើង៣២៧គម្រោង បើធៀបនឹងកាលពីខែមុន ដែលមានចំនួន ៣ ៥៩៨ គម្រោង។

ចំណែកទុនវិនិយោគក្នុងវិស័យសំណង់ចាប់ពីខែមករា ដល់ខែវិច្ឆិកា មានចំនួន ៥ ២១០ ៣៥៩ ៥០៩ដុល្លារ កើនឡើងជាង៣០០លានដុល្លារ ខណៈពីខែមករា ដល់តុលា ទុនវិនិយោគក្នុងវិស័យនេះ មានចំនួនប្រមាណ ៤ ៨៧៦ ៨០៤ ៨៩៩ ដុល្លារ ។

គម្រោងដែលបានស្នើសុំសាងសង់រួមមានអគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារលំនៅដ្ឋានលក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់អគារ សំណង់គារ ពហុមុខងារសំណង់រោងចក្រឧស្សាហកម្មនានា ។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងកាលពីថ្មីៗនេះបានលើកឡើងថា វិបត្តិជំងឺកូវីដ១៩ មិនបានធ្វើឱ្យវិស័យអចលទ្រព្យរងផលប៉ះពាល់ខ្លាំងនោះទេ ក្នុងឆ្នាំ២០២១នេះ ដោយវិស័យនេះនៅតែមានដំណើរល្អប្រសើរ ដែលធ្វើឱ្យវិស័យអចលនទ្រព្យ ស្ថិតក្នុងវិស័យចំនួនបី ដែលជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះ។

លោកបានលើកឡើងយ៉ាងដូច្នេះថា «វិស័យអចលនទ្រព្យ ដែលមានកំណើនល្អប្រសើរក្នុងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ជាក់ស្ដែងសម្រាប់ឆ្នាំនេះ ទោះបីមានវិបត្តិកូវីដ១៩ ប៉ុន្ដែវិស័យអចលនទ្រព្យ នៅតែមានសកម្មភាពជាប្រចាំ ក្នុងនោះបុរី ផ្ទះល្វែងជាច្រើន នៅតែបន្ដលក់ជាហូរហែរ និងគ្រប់ទីកន្លែង»

ជម្រាបថា គិតពីឆ្នាំ២០០៥ មកដល់រយៈពេល១១ខែ ឆ្នាំ២០២១នេះ សំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅកើនឡើងរហូតជាង ២៣៧៥ អគារ ដែលក្នុងនោះសំណង់អគារខ្ពស់ៗ នៅខេត្តព្រះសីហនុ មានចំនួនជាង ៦៦៦អគារ ៕