(ហាណូយ)៖ ក្រុមហ៊ុនវាយនភ័ណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅភាគខាងត្បូងប្រទេសវៀតណាម បានបង្ខំចិត្តមិនទទួលយកការបញ្ជាទិញថ្មី ក្នុងគ្រាដែលមានកង្វះខាតកម្លាំងពលកម្ម និងការចំណាយលើថ្លៃដឹកជញ្ជូនខ្ពស់។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

ក្នុងសិក្ខាសាលាមួយនៅចុងសប្តាហ៍មុនស្តីពីការអភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់និងវាយនភ័ណ្ឌ ក្រុមមន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុននានាក្នុងឧស្សាហកម្មនេះបានឱ្យដឹងថា ពីរខែបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការឡើងវិញ ក្តីបារម្ភចម្បងរបស់ពួកគេនាពេលបច្ចុប្បន្នគឺកង្វះខាតកម្លាំងពលកម្ម ការឡើងថ្លៃចំណាយលើវត្ថុធាតុដើម និងការចំណាយលើការទប់ស្កាត់ជំងឺកូវីដ-១៩។

កាសែត VN Express បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនទាំងនេះបានឱ្យដឹងទៀតថា ពួកគេត្រូវចេញថ្លៃចំណាយលើការធ្វើតេស្តរកជំងឺកូវីដ-១៩ និងការផ្តល់ការថែទាំបុគ្គលិកកម្មករដែលសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩។

ការចំណាយលើឡូជីស្ទិកបានកើនឡើងខ្លាំងគិតចាប់ពីការរាតត្បាតជំងឺបានកើតមាន។ ឥឡូវ ក្រុមហ៊ុននានាព្រួយបារម្ភថា កង្វះកម្លាំងពលកម្មនឹងពន្យាផលិតកម្ម និងការចែកចាយទំនិញ ហើយដើម្បីធានាឱ្យការចែកចាយទំនិញធ្វើឡើងទាន់ពេលវេលា ពួកគេអាចត្រូវដឹកជញ្ជូនផលិតផលតាមផ្លូវអាកាស ដែលមានការចំណាយខ្ពស់។

អ្នកគ្រប់គ្រងមួយរួបមកពីក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់មួយនៅខេត្ត Bac Giang ដែលស្ថិតនៅភាគខាងជើងបានថ្លែងថា អតិថិជនបរទេសតម្រូវឱ្យក្រុមហ៊ុនរបស់លោកចែកចាយទំនិញឱ្យបានរហ័សដើម្បីឱ្យទាន់រដូវបុណ្យណូអែល។

លោក Tran Nhu Tung ប្រធានក្រុមហ៊ុន Thanh Cong Textile Garment Investment Trading JSC នៅទីក្រុងហូជីមិញ បានថ្លែងថា រោងចក្ររបស់ក្រុមហ៊ុនដែលស្ថិតខេត្ត Vinh Long នៅភាគខាងត្បូងវៀតណាម ដែលផលិតផលិតផលរបស់ក្រុមហ៊ុន Adidas មិនហ៊ានទទួលការបញ្ជាទិញថ្មីឡើយ។

លោកថ្លែងថា៖ «ការដឹកជញ្ជូនតាមផ្លូវអាកាសមានតម្លៃថ្លៃ ប៉ុន្តែមិនមែនដៃគូជំនួញរបស់យើងទាំងអស់ជួយចេញថ្លៃចំណាយឡើយ»

ការអង្កេតនានាដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងការងារ បានរកឃើញថា ៦៦,៧ភាគរយនៃអតិថិជនបរទេសដែលទិញផលិតផលវៀតណាម បានទទួលយកការចែកចាយទំនិញយឺត ប៉ុន្តែមានតែ ១៦,៧ភាគរយប៉ុណ្ណោះដែលយល់ព្រមជួយចេញថ្លៃចំណាយលើការដឹកជញ្ជូនតាមផ្លូវអាកាស។ នេះបើយោងតាមលោកស្រី Do Quynh Chi ប្រធានមជ្ឈមណ្ឌលនេះ។

លោកស្រីបានថ្លែងថា មានតែអតិថិជន ១ភាគ៥ ប៉ុណ្ណោះយល់ព្រមរួមបញ្ចូលផ្នែកខ្លះនៃការចំណាយលើការទប់ស្កាត់ជំងឺកូវីដ-១៩ ទៅក្នុងតម្លៃទំនិញក្នុងមួយឯកតា។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាមថា ប្រទេសវៀតណាមបាននាំចេញផលិតផលកាត់ដេរនិងវាយនភ័ណ្ឌតម្លៃ ២៩,១ប៊ីលានដុល្លារក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ កើនឡើង ៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃផលិតផលកាត់ដេរនិងវាយនភ័ណ្ឌដែលនាំចេញទៅអាមេរិកបានកើនឡើង ១៣ភាគរយដល់ ១៤,៣ប៊ីលានដុល្លារ ទៅសហភាពអឺរ៉ុបកើនឡើង ៣,១ភាគរយដល់ ៣,៤ប៊ីលានដុល្លារ ខណៈនាំចេញទៅជប៉ុនធ្លាក់ចុះ ៩,៥ភាគរយមកនៅត្រឹម ២,៩ប៊ីលានដុល្លារ៕