(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញនៅកម្ពុជា លើកឡើងថា ការប្រកាសបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ នឹងធ្វើឱ្យអ្នកប្រកបអាជីវកម្មកាន់តែមាន លំនឹងចិត្តក្នុងការចេញធ្វើអាជីកម្ម ដែលជាការជំរុញឱ្យការធ្វើអាជីវកម្មមានភាពល្អប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជានៅឆ្នាំក្រោយ បើទោះបីជាបច្ចុប្បន្ននេះ បានរករោគឃើញមេរោគបំប្លែងខ្លួនថ្មី អូមីក្រុងក៏ដោយ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបាន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែធ្នូនេះថា ការប្រកាសបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ គឺជាជួងបន្លឺឱ្យអ្នកពាក់ព័ន្ធ ជាពិសេសវិនិយោគគិន ម្ចាស់អាជីវកម្ម ឱ្យធ្វើអាជីកម្មប្រកបដោយទំនុកចិត្ត និងគឺជាការប្រកាសដំណឹង ដល់ភ្ញៀវទេសចរបរទេសទាំងឡាយ ថាកម្ពុជាមានការគ្រប់គ្រងបានល្អ ទៅលើការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យដំណើរកម្សាន្តរបស់ពួកគេកាន់តែមានសុវត្ថិភាព។

លោកមានប្រសាសន៍ថា «ចំណុចនេះឯង ក៏អាចជាសារមួយ នាំឱ្យវិនិយោគគិន ឬក៏ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបមុខរបរអាជីវកម្ម ក៏អាចដំណើរការនូវអាជីវកម្មរបស់ខ្លួនឱ្យនឹងចិត្ត ក្នុងស្មារតីល្អ កុំឱ្យមានការភិតភ័យស្លន់ស្លោខ្លាំងពេកជាមួយនឹងឥទ្ធិពលនៃជំងឺកូវីដ ដែលជំរុញឱ្យសេដ្ឋកិច្ចគ្រួសារ ឬសេដ្ឋកិច្ចសង្គមយើងមានការរីកចម្រើនលូតលាស់ទៅជាបណ្តើរៗផងដែរ»

ព្រឹត្តិការណ៍២០ កុម្ភៈ គឺជាព្រឹត្តិការណ៍ជូរចត់មួយនៅកម្ពុជា បង្កឱ្យមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ជាង៣ពាន់នាក់ ជាពិសេសនោះធ្វើឱ្យប៉ះពាល់ច្រើនដល់ការរស់នៅ ការប្រកបរបរ និងសេដ្ឋកិច្ចរបស់កម្ពុជា ហើយឥទ្ធិពលនេះក៏ជះឥទ្ធិពលរហូតមកដល់ច្ចុប្បន្នផងដែរ។

ក្រោយការឆ្លងថមថយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន កាលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានប្រកាសបិទបញ្ចប់ទាំងស្រុង នូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ។ ជាមួយគ្នានេះសម្តេចបន្តអំពាវនាវឱ្យពលរដ្ឋគ្រប់គ្នាមានការប្រុងប្រយ័ត្នដើម្បីកុំឱ្យកើតមានព្រឹត្តិការណ៍ថ្មីបន្តទៀត។ រយៈពេល២ថ្ងៃនេះ កម្ពុជាគ្មានអ្នកស្លាប់ថ្មីដោយកូវីដនោះទេ។

ជុំវិញករណីនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការ២០ កុម្ភៈ បានធ្វើឱ្យប្រជាពលរដ្ឋ អ្នកប្រកបរបររកស៊ី សប្បាយចិត្ត ដើម្បីដំណើរការអាជីវកម្ម ក៏ដូចជាការងាររបស់ខ្លួនឡើងវិញ។ ការប្រកាសបិទព្រឹត្តិការណ៍នេះ គឺដោយសារតែយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនបានដោយជោគជ័យ។

លោកគូសបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍២០ កុម្ភៈនេះបានបិទបញ្ចប់ ដំណើរការសេដ្ឋកិច្ចវិលមករកភាពធម្មតាឡើងវិញ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយកើនឡើងជាងមុនថែមទៀត ស្របពេលដែលកម្ពុជាកំពុងអនុវត្តច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក៏ដូចជាការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA ។

លោកបន្តថា «ខ្ញុំជឿថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងចាប់ពីឆ្នាំក្រោយទៅនឹងមានកំណើនកាន់តែខ្លាំងជាងមុន បើសិនជាការបើកសេដ្ឋកិច្ចនេះ ដំណើរការទៅដោយរលូន ដោយយើងបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភនេះហើយ ខ្ញុំជឿថាយើងនឹងមានឱកាសច្រើន ក្នុងការស្វែងរកអ្នកវិនិយោគមកកាន់ប្រទេសយើងកាន់តែច្រើនទៀត»

ស្របពេលដែល ការឆ្លងថមថយ រហូតដល់ក្រោម១០នាក់ ប៉ុន្តែការរកឃើញមេរោគបំប្លែងខ្លួនថ្មី ក៏បង្កជាក្តីបារម្ភផងដែរ ដែលបច្ចុប្បន្ននេះ កម្ពុជា បានរកឃើញ អ្នកផ្ទុកមេរោគបំប្លែងខ្លួនថ្មី ចំនួន៤នាក់ហើយ។

ទោះជាយ៉ាងនេះក្តីអ្នកជំនាញសេដ្ឋកិច្ចទាំងពីរនាក់ យល់ថា ការរកឃើញនៃរោគបំប្លែងខ្លួនថ្មីនេះ នឹងមិនបង្កផលរំខានដល់ដំណើរការអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជានោះទេ ខណៈកម្ពុជាមានបទពិសោធន៍ល្អក្នុងការគ្រប់គ្រងជំងឺកូវីដ១៩។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា បើតាមការតាមដានមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ប្រសិនបើការរីករាលនៃប្រហាក់ប្រហែល ដែលតា ឬអាល់ហ្វានោះ នឹងមិនទាន់មានហានីភ័យធ្ងន់ធ្ងរ និង មិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាខ្លាំង ព្រមទាំងមិនរំខានដល់ការបើកទីផ្សារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឡើងវិញ ឡើយ។

លោកបណ្ឌិត ហុង វណ្ណៈលើកឡើងថា ដោយសារកម្ពុជា មានបទពិសោធន៍លើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងដល់ប្រជាជនស្ទើរគ្រប់១០០%នោះ ករណីអូមីក្រុងនេះនឹងមិនជះឥទ្ធិពលខ្លាំងទៅលើការធ្វើអាជីវកម្ម សហគ្រាស ឧស្សាហកម្ម ច្រវ៉ាក់ផលិតកម្មផ្សេងៗឡើយ។

តែបើទោះបីជាបច្ចុប្បន្ន មានអ្នកផ្ទុកមេរោគថ្មីនេះ មានចំនួនតិចក៏ដោយ ប្រសិនបើធ្វេសប្រហែលតែបន្តិច នោះនឹងអាចបង្កឱ្យក្លាយជាព្រឹត្តិការណ៍ធំបាន ជាពិសេសបើមានការរីករាលដាលនៅក្នុងសហគមន៍ ដែលនឹងអាចធ្វើឱ្យក្លាយទៅជាព្រឹត្តិការណ៍សហគមន៍ថ្មីមួយទៀត បង្កឱ្យមានហានិភ័យខ្ពស់នៅក្នុងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញនេះ ៕