(បាកក)៖ រដ្ឋាភិបាលថៃបានបន្តគម្រោងលើកទឹកចិត្តផ្នែកវិនិយោគ ដើម្បីព្យាយាមជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស​ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះពីការរាតត្បាតជំងឺកូវីដ-១៩ ហើយរដ្ឋាភិបាលរំពឹងថានឹងមានការប្តេជ្ញាចិត្តវិនិយោគក្នុងទឹកប្រាក់ជាង ៥០០ប៊ីលានបាត (ប្រហែល ១៤,៨៣ប៊ីលានដុល្លារ) នៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមប្រឹក្សាវិនិយោគ (BoI) របស់ប្រទេសថៃ ខណៈឱ្យដឹងថា ការព្យាករនេះមានភាពប្រហាក់ប្រហែលគ្នាទៅនឹងទឹកប្រាក់ចំនួន ៦០០ប៊ីលានបាតពីពាក្យស្នើសុំវិនិយោគទាំងពាក្យស្នើសុំក្នុងស្រុក និងបរទេសនៅឆ្នាំនេះ ដែលកើនឡើងពីចំនួន ៤៨១ប៊ីលាននបាតកាលពីឆ្នាំ២០២០។

លោកស្រី Duangjai Asawachintachit ប្រធានក្រុមប្រឹក្សាវិនិយោគថៃបានថ្លែងថា ភាពមិនប្រាកដប្រជាដែលកំពុងកើតមានឡើងដោយសារការរាតត្បាតជំងឺកូវីដ-១៩ ជាចំណុចចាំបាច់ដែលជំរុញឱ្យមានការបន្តគម្រោងនេះរយៈពេលមួយឆ្នាំទៀត ដែលរួមមានទាំងការលើកលែងពន្ធសម្រាប់គម្រោងវិនិយោគខ្នាតធំនានាផងដែរ។

លោកស្រី Duangjai មានប្រសាសន៍ថា៖ «យើងកំពុងមើលឃើញភាពប្រសើរឡើងនៅក្នុងបរិយាកាសអាជីវកម្មជារួម ប៉ុន្តែភាពមិនប្រាកដប្រជាដែលកំពុងកើតមានពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង តម្រូវឱ្យមានការលើកទឹកចិត្តបន្ថែមទៀត ដើម្បីគាំទ្រដល់ការវិនិយោគ»។

ក្រុមប្រឹក្សាវិនិយោគក៏បានអនុម័តការបន្តវិធានការលើកទឹកចិត្តរយៈពេលមួយឆ្នាំទៀតផងដែរសម្រាប់ការវិនិយោគនានាជាពិសេសការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅភាគខាងកើតប្រទេសថៃ ដែលជាទីតាំងនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក្នុងការលើកស្ទួយឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕