(ប៉េកាំង)៖ រដ្ឋបាលពន្ធដាររដ្ឋចិនបានប្រកាសថា អ្នកផ្សាយបន្តផ្ទាល់លក់ផលិតផលអនឡាញល្បីឈ្មោះម្នាក់នៅប្រទេសចិនគឺលោកស្រី Huang Wei ហៅ Viya ត្រូវបានអាជ្ញាធរពន្ធដារនៅទីក្រុងហាងចូវ ខេត្តជឺជាំង ពិន័យចំនួន ១,៣៤ប៊ីលានយ័ន (២១០លានដុល្លារ) ពីបទគេចពន្ធ។ នេះបើយោងតាមកាសែត Global Times របស់ចិន។

កាសែត Global Times បានរាយការណ៍ថា នេះគឺការពិន័យធំបំផុតមិនធ្លាប់មានដែលធ្វើឡើងទៅលើអ្នកផ្សាយបន្តផ្ទាល់លក់ផលិតផល ហើយអ្នកសង្កេតទីផ្សារបានឱ្យដឹងថា ករណីនេះគឺជាមូលដ្ឋានមួយដែលនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាព និងនិរន្តរភាពរបស់ឧស្សាហកម្មនេះជាមួយនឹងការគ្រប់គ្រងកាន់តែតឹងរ៉ឹង ហើយវាបង្ហាញថា គ្មានអ្នកណាម្នាក់អាចបំពានច្បាប់បានឡើយ មិនថានៅក្នុងឧស្សាហកម្មណានោះទេ។

សេចក្តីប្រកាសនេះបានឱ្យដឹងថា លោកស្រី Viya បានគេចពន្ធសរុបចំនួន ៦៤៣លានយ័ន និង ៦០លានយ័នផ្សេងទៀតដែលបង់មិនត្រឹមត្រូវនៅចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ តាមរយៈការលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួនរបស់គាត់រួមជាមួយនឹងការប្រកាសពន្ធក្លែងក្លាយផ្សេងទៀត។

មន្ត្រីម្នាក់ទទួលបន្ទុកករណីនេះបានឱ្យដឹងថា លោកស្រី Viya កន្លងមកត្រូវបានចោទប្រកាន់ពីបទរំលោភពន្ធធ្ងន់ធ្ងរ ប៉ុន្តែលោកស្រីបានបដិសេធ ហើយដោយសារបញ្ហានេះ អាជ្ញាធរពន្ធដារក្នុងទីក្រុងហាងចូវ បានសម្រេចចិត្តបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ។

ទាក់ទងនឹងថាតើលោកស្រី Viya នឹងត្រូវទទួលខុសត្រូវលើបទឧក្រិដ្ឋឬអត់នោះ មន្ត្រីរូបនេះបានឱ្យដឹងថា លោកស្រីនឹងមិនត្រូវបានស៊ើបអង្កេតពីបទឧក្រិដ្ឋឡើយ ប្រសិនបើគាត់បង់ប្រាក់ពិន័យទៅតាមពេលវេលាដែលបានកំណត់ ដោយសារនេះគឺជាករណីដំបូងដែលការគេចពន្ធនេះត្រូវបានរកឃើញចំពោះគាត់។

កាលពីឆ្នាំមុន លោកស្រី Viya បានធ្វើការផ្សាយបន្តផ្ទាល់ដើម្បីលក់សេវាកម្មបាញ់បង្ហោះកាំជ្រួចឱ្យក្រុមហ៊ុន ExPace ក្នុងតម្លៃ ៤០លានយ័ន (៥,៦លានដុល្លារ)។ ក្រុមហ៊ុន ExPace គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Aerospace Science & Industry Corporation Limited (CASIC) ដែលមានជំនាញខាងបញ្ជូនកាំជ្រួយទៅកាន់ទីអវកាស។

លោកស្រី Viya បានឱ្យដឹងនៅលើគណនី Weibo ផ្លូវការរបស់គាត់ថា គាត់ទទួលយកទាំងស្រុងនូវសេចក្តីសម្រេចចិត្តរបស់នាយកដ្ឋានពន្ធដារស្របតាមច្បាប់ ហើយនឹងប្រមូលប្រាក់ដើម្បីបង់សងប្រាក់ពិន័យនេះទៅតាមពេលកំណត់។

លោកស្រី Viya មានផែនការផ្សាយផ្ទាល់នៅថ្ងៃចន្ទ ដោយផ្តោតលើការលក់គ្រឿងសម្អាង ប៉ុន្តែស្ទូឌីយ៉ូរបស់អ្នកស្រីនៅលើកម្មវិធី Taobao មិនត្រូវបានគេរកឃើញឡើយបន្ទាប់ពីការពិន័យនេះត្រូវបានប្រកាស។ គណនី Sina Weibo និង Douyin ផ្លូវការរបស់គាត់ត្រូវបានហាមឃាត់នៅនាពេលក្រោយមកនៅថ្ងៃចន្ទ។

លោក Hao Junbo ប្រធានមេធាវីប្រចាំក្រុមហ៊ុន HAO Law Firm ក្នុងទីក្រុងប៉េកាំងបានប្រាប់កាសែត Global Times ថា៖ «ឧស្សហកម្មផ្សាយផ្ទាល់លក់ផលិតផលនឹងក្លាយជាចំណុចផ្តោតសម្រាប់អាជ្ញាធរពាក់ព័ន្ធ»។

លោក Hao បានបន្ថែមថា ការផ្សាយផ្ទាល់លក់ផលិតផលគឺជាឧស្សាហកម្មដែលរីកចម្រើនយ៉ាងឆាប់រហ័សនិងមានប្រាក់ចំណូលខ្ពស់ ធៀបនឹងឧស្សាហកម្មផ្សេងទៀត ប៉ុន្តែប្រព័ន្ធគ្រប់គ្រងមិនអាចគ្រប់គ្រងបានពេញលេញ ដោយសារកង្វះការគាំទ្រផ្នែកបច្ចេកវិទ្យា។

ក្នុងអំឡុងថ្ងៃបុណ្យទិញទំនិញ Double 11 ការលក់សរុបដោយតារាល្បីឈ្មោះលក់អនឡាញរបស់ចិន Li Jiaqi បានកើនឡើងដល់ ១១,៥ប៊ីលានយ័ន ដោយមានការប៉ាន់ប្រមាណថា ការលក់នៅថ្ងៃដំបូងនៃថ្ងៃ Double 11 នេះ ដែលត្រូវនឹងថ្ងៃទី២០ ខែតុលា មានតម្លៃ ៣៧,៧១លានយ័ន។

លោកស្រី Viya លក់ផលិតផលនានាមានតម្លៃទឹកប្រាក់សរុបចំនួន ៨,៥ប៊ីលានយ័នក្នុងរយៈពេល ១៤ម៉ោង។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២០ ការផ្សាយបន្តផ្ទាល់លក់ផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចបានកើនឡើងខ្ពស់ជាង ៤ប៊ីលានយន់។

កាលពីខែមុន អ្នកផ្សាយបន្តផ្ទាល់លក់ផលិតផលល្បីឈ្មោះពីអ្នកទៀតគឺ Zhu Chenhui និង Lin Shanshan ត្រូវបានរងពិន័យដោយអាជ្ញាធរពន្ធដារក្រុងហាងចូវដោយ Zhu Chenhui រងពិន័យ ៦៥,៥៥លានយ័ន ហើយ Lin Shanshan ពិន័យចំនួន ២៧,៦៧លានយ័ន៕ នេះបើយោងតាមកាសែត Global Times៕