(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ក្រប-ខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «ឯកសារដ៏មានសារសំខាន់នេះ គឺជាមូលដ្ឋានគ្រឹះ និងជាផែនទីបង្ហាញផ្លូវ សម្រាប់ការអនុវត្តយុទ្ធសាស្រ្ត និង វិធាន ការសកម្មភាពជាក់លាក់របស់រាជរដ្ឋាភិបាល ក្នុងពេលចំពោះមុខ និង រយៈពេលមធ្យម, ម៉្យាងសំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យត្រឡប់ទៅរកកំណើន សក្ដានុពលរបស់ខ្លួន, និងម៉្យាងទៀត សំដៅពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងរយៈពេលវែងផងដែរ»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងរយៈពេលប្រមាណ២ឆ្នាំ នៃវិបត្តិជំងឺកូវីដ-១៩ កន្លងទៅ យើងទាំងអស់គ្នា អាចកត់សម្គាល់ឃើញ យ៉ាងច្បាស់នូវផលវិបាកអវិជ្ជមានដែលកើតចេញពីវិបត្តិនេះ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្រៅពីការគំរាមកំហែង និង ការឆក់យកអាយុជីវិតប្រជាជន, វិបត្តិនេះបានលាតត្រដាងឡើង នូវចំណុចផុយស្រួយមួយចំនួន នៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដែលងាយនឹងទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ។

ជាក់ស្តែង ការបន្ទុចបង្អាក់ទៅលើខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម ក៏ដូចជាការថមថយនូវតម្រូវការនៃការបញ្ជាទិញផលិត-ផលរបស់កម្ពុជា ក្រោយការដាក់ចេញ នូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនានា ពីសំណាក់បណ្តាប្រទេសនៅលើសកលលោក គឺជាសក្ខីភាពមួយដែលបង្ហាញថា ស្ថិរភាពរបស់ វិស័យជាចន្ទល់នៃកំណើនសេដ្ឋកិច្ចកម្ពុជា មានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនិន្នាការសេដ្ឋ-កិច្ចតំបន់ និងសកល។

ការណ៍នេះ មិនមែនមានន័យថា កម្ពុជាត្រូវកែសម្រួលនូវមូលដ្ឋាន សេដ្ឋកិច្ចបើកចំហរបស់ខ្លួននោះទេ, តែផ្ទុយទៅវិញ, តថភាពនេះ បានបង្ហាញឲ្យឃើញ អំពីភាពចំាបាច់របស់កម្ពុជា ក្នុងការពង្រីកវិសាលភាពបណ្តាវិស័យ ជាចន្ទល់នៃកំណើនសេដ្ឋកិច្ច តាម-រយៈការកែទម្រង់មុតស្រួច សំដៅបង្កើនពិពិធកម្មសេដ្ឋកិច្ច និង លើកកម្ពស់ភាពប្រកួតប្រជែង ក៏ដូចជាការពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព សម្រាប់រយៈ-ពេលវែង នៅក្នុងបរិការណ៍ដែលសកលលោក ដំណើរការប្រកបដោយអន្តរកម្មខ្ពស់ និង ពឹងផ្អែកគ្នាទៅវិញទៅមក កាន់តែខ្លាំង។

លើសពីនោះទៀត អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ស្របពេលដែលជំងឺកូវីដ-១៩ បានលាតត្រដាងឡើង នូវចំណុចផុយស្រួយមួយចំនួន របស់មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា, វិបត្តិនេះក៏បានបង្ហាញឲ្យឃើញនូវចំណុចខ្លាំងជាច្រើនដែរ ជាពិសេសការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី នាពេលកន្លងទៅ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឧត្បាតនេះ និងក្នុងការគ្រប់គ្រងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងលំនឹងនៃជីវភាពរបស់ប្រជាជន។

ជាក់ស្តែង វិស័យកសិកម្មរបស់កម្ពុជា នៅតែអាចរក្សាបាននូវលំនឹង និង កំណើនរឹងមាំ ហើយបានជួយស្រូបយកកម្លាំងពលកម្មមួយចំនួន ដែលត្រូវបានផ្អាកការងារ ជាបណ្តោះអាសន្ន ពីវិស័យផ្សេងទៀត ។ ប្រការនេះបង្ហាញថា កសិកម្មនៅតែជាវិស័យចន្ទល់ដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលត្រូវតែ បន្តយកចិត្តទុកដាក់អភិវឌ្ឍ និងធ្វើឧស្សាហូបនីយកម្មបន្ថែមទៀត ដើម្បីសម្រេចបាននូវសក្តានុពលកំណើននៃវិស័យនេះ។

ជាមួយគ្នានេះដែរ, ការកសាងពង្រឹងសមត្ថភាពនៃវិស័យសុខាភិបាល ដែលអាចឆ្លើយតបបានយ៉ាងរហ័សចំពោះវិបត្តិនេះ រួមមានជាអាទិ៍ ការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដែលធ្វើឲ្យសម្រេចបាននូវភាពស៊ាំសហគមន៍ក្នុងកម្រិតដ៏ខ្ពស់ ក្នុងរយៈពេលដ៏ខ្លី និង ការដាក់ចេញអនុវត្ត យ៉ាងទាន់ពេល និង ប្រកបដោយប្រសិទ្ធភាព នូវវិធានការសុខាភិបាល និងរដ្ឋបាលនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ការពារអាយុជីវិតរបស់ប្រជាជន គឺជាតឹកតាងដែលឆ្លុះបញ្ចាំង អំពីភាពខ្លាំងរបស់រាជរដ្ឋាភិបាល និងការដឹកនាំប្រកប-ដោយយុទ្ធសាស្រ្តត្រឹមត្រូវ, ច្បាស់លាស់, ប្រាកដនិយម និងចក្ខុវិស័យដ៏វែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ភាពខ្លាំងទាំងនេះ នឹងក្លាយជាកាតាលីករ និងកត្តាជំរុញដ៏សំខាន់ សម្រាប់ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាសម្រាប់ការកសាងអនាគតថ្មីនៃមាគ៌ាកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលកាន់តែមានពិពិធកម្ម ព្រមទាំងមានភាពធន់ទៅនឹងវិបត្តិ និងមានភាពធន់ទៅនឹងផលរំខានពីកត្តាខាងក្រៅនាអនាគត៕