(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យម (SME) ថាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ និងជួយជីវភាពប្រជាពលរដ្ឋ រស់នៅតាមទីជនបទផងដែរ។

ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ ស្ដីពី «បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា» រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី ជា សិរី បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានប៉ានស្មានថា មានប្រមាណ៩៩ភាគរយនៃសហគ្រាសសរុប និងបានរួចចំណែកជិត៦០ភាគរយនៃផលិតផលក្នុងស្រុក និងបង្កើតការងារជាង៧០ភាគរយ។

លោកស្រីបន្ថែមថា «SME បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងបានលើកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពិសេសក្នុងចំណោមពលរដ្ឋរស់នៅតាមជនបទ។ ការអភិវឌ្ឍន៍ SME នឹងរួមចំណែកដល់ការពង្រឹងភាពធននៃសេដ្ឋកិច្ច តាមរយៈការបង្កើតការផ្គត់ផ្គង់ បំពេញតម្រូវការក្នុងស្រុក ដែលកាត់បន្ថយការនាំចូលទំនិញប្រើប្រាស់មួយចំនួនពីបរទេស និងបង្កើតការងារក្នុងស្រុកបន្ថែម។ កត្តាទាំងនេះនឹងគាំទ្រ ការធ្វើពិពិកម្មសេដ្ឋកិច្ចជាតិ ជំរុញការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់»

លោកស្រីបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដីតាមការសិក្សាកន្លងមកបង្ហាញថា SME នៅកម្ពុជា ប្រឈមបញ្ហាជាច្រើនក្នុងអាជីវកម្ម ជាឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បញ្ហាប្រឈមទាំងនោះរួមមាន៖ ការខ្វះខាតជំនាញគ្រប់គ្រង និងពលកម្មជំនាញ, ការខ្វះខាតប្រភពទុន និងលទ្ធភាពទទួលបានហិរញ្ញវត្ថុផ្លូវការ, ការខ្វះខាតផ្នែកព័ត៌មានទីផ្សារ ក្នុងស្រុក និងទីផ្សារនាំចេញ, ការប្រកួតប្រជែងពីសហគ្រាសធំៗ និងការនាំចូលទំនិញពីបរទេសជាដើម។

ទាក់ទិននឹងបញ្ហាប្រឈមរបស់វិស័យ SME នេះលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានបង្ហាញពីលក្ខខណ្ឌសំខាន់ៗ៣ចំណុច ដល់សហគ្រាសធុនតូច និងមធ្យម អនុវត្តន៍ដើម្បីងាយស្រួល ក្នុងការទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

លោកបានលើកឡើងថា SME នៅតែជួបបញ្ហាលំបាក ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីស្រោចស្រង់អាជីវកម្មរបស់ខ្លួន ហើយភាគច្រើននៃ SME ដែលមិនទទួលបានហិរញ្ញប្បទាននេះ ដោយសារតែការមិនបានចុះបញ្ជីអាជីវកម្ម។

លោក លឹម អូន បានថ្លែងថា ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យម ទទួលបានហិរញ្ញប្បទានពីស្ថាប័ននានា SME ត្រូវតែ៖
១៖ សិក្សាមានព័ត៌មានឲ្យបានត្រឹមត្រូវ ពិសេសលើបញ្ហានៃលទ្ធភាពសងត្រឡប់។
២៖ ត្រូវមានទំនួលខុស លើបញ្ហានានា ដូចជាបញ្ហានៃការបង់ពន្ធ ឬការចុះបញ្ជីជាដើម។
៣៖ ត្រូវទៅចុះបញ្ជីអាជីវកម្មឲ្យបានត្រឹមត្រូវ បញ្ហានៃការចុះបញ្ជីជារឿងសំខាន់ ដោយសារតែការមិនចុះបញ្ជីអាជីវកម្មរបស់ SME នេះហើយដែលជាកត្តាដែលមិនទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។

លោកបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម មួយចំនួនមានលទ្ធភាព ក្នុងការពង្រីកអាជីវកម្ម មានលទ្ធភាពក្នុងការសងត្រឡប់ ប៉ុន្ដែបញ្ហាដែលមិនអាចទទួលបានកម្ចី ដោយសារតែមិនមានទ្រព្យបញ្ចាំ ចំពោះបញ្ហានេះសូមលើកទឹកចិត្តឲ្យទៅប្រើប្រាស់នូវសេវាកម្ម សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) ដែលនឹងឆ្លើយតបនឹងតម្រូវការ និងបញ្ហារបស់បញ្ចាំនេះ។

លោកបន្ថែមថា ថ្មីៗនេះសាជីវកម្មធានាឥណទានកម្ពុជា បានធ្វើសកម្មភាពយ៉ាងសកម្ម និងល្អប្រសើរ ដោយបានធ្វើការជាមួយធនាគារពាណិជ្ជផ្សេងៗ ដើម្បីផ្ដល់នូវសេវាកម្មដល់អតិថិជនមានបំណង ខ្ចីឥណទានពីគ្រឹះស្ថានធនាគារ ជាដៃគូអាចទទួលយកសេវាកម្មនេះ។

និយាយអំពីវិស័យ SME នេះលោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ បានថ្លែងឲ្យដឹងថា ក្នុងអំឡុងពេលនៃការផ្ទះរីករាលដាលនៃជំងឺកូវីដ១៩ វិស័យ SME បានទទួលរងផលប៉ះពាល់ជាច្រើន។ ដើម្បីជួយដល់វិស័យ SME
ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ គឺមានតែវិស័យឌីជីថលតិចណូឡូជីប៉ុណ្ណោះដែលជួយឲ្យ SME នៅរស់រានមានជីវិតបាន។

លោកបានបន្ដថា បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម៕