(វ៉ាស៊ីនតោន)៖ មន្ត្រីតំណាងពាណិជ្ជកម្មរបស់អាមេរិក (USTR ) បានឱ្យដឹងថា ប្រទេសរុស្ស៊ីបន្តងាកចេញពីការប្តេជ្ញាចិត្តរបស់ដែលបានធ្វើឡើងដើម្បីចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០១២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការលើកឡើងរបស់មន្ត្រីតំណាងពាណិជ្ជកម្មអាមេរិករូបនេះបានធ្វើឡើងដោយសំដៅលើការរឹតបន្តឹងលើការនាំចូលផលិតផលកសិកម្ម និងដាក់ចេញគោលនយោបាយរារាំងការនាំចូល ទៅលើការនាំចូលដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ប្រចាំឆ្នាំមួយរបស់ USTR ដែលផ្ញើទៅកាន់សភាអាមេរិកស្តីពីអនុលោភាពតាមច្បាប់អង្គការ WTO របស់ប្រទេសរុស្ស៊ីដោយនៅក្នុងបាយការណ៍នោះ មន្ត្រីរបស់ USTR បានឱ្យដឹងថា ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២១ បានដាក់ចេញប្រព័ន្ធតាមដានថ្មីៗសម្រាប់ការចែកចាយទំនិញតាមរយៈចង្វាក់ផលិតកម្មផ្គត់ផ្គង់ និងបានរក្សាការរឹតបន្តឹងការនាំចូលផលិតផលកសិកម្មដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត។

មន្ត្រីរបស់ USTR បានឱ្យដឹងក្នុងរបាយការណ៍ដដែលនេះថា៖ «ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រុស្ស៊ីបានបន្តដំណើរសេដ្ឋកិច្ចរបស់ខ្លួនដោយងាកចេញឆ្ងាយពីគោលការណ៍ណែនាំបស់អង្គការ WTO ស្តីពីការមិនរើសអើង ពាណិជ្ជកម្មសេរី ភាពអាចទស្សទាយបាន តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព»។

មន្ត្រីដដែលបានបន្ថែមថា៖ «រុស្ស៊ីរក្សាការរឹតបន្តឹងជាមួយនឹងវិធានការនានានៅព្រំដែន ដាក់ចេញវិធានការរារាំងការនាំចូលនៅក្នុងប្រទេស ដើម្បីទប់ស្កាត់ពាណិជ្ជកម្ម និងអនុវត្តគោលនយោបាយឧស្សាហកម្មមួយដែលទំនងជាងត្រូវបានជំរុញដោយគោលការណ៍ណែនាំរារាំងការនាំចូល និងវិធានការបង្ខំផ្សេងៗនៅក្នុងប្រទេស»។

USTR បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកមានក្តីកង្វល់អំពីសកម្មភាពរបស់រុស្ស៊ី ហើយនឹង «ប្រើប្រាស់មធ្យោបាយសមស្របទាំងអស់ ដើម្បីដោះស្រាយបញ្ហានេះ និងរក្សាការបើកចំហរទីផ្សាររបស់រុស្ស៊ីចំពោះការនាំចេញរបស់សហរដ្ឋអាមេរិក។

របាយការណ៍នេះបានកត់សម្គាល់ថា ការងារទ្វេភាគីរបស់អាមេរិកជាមួយរុស្ស៊ីទាក់ទងនឹងបញ្ហាពាណិជ្ជកម្មផលិតផលកសិកម្ម នៅមានកម្រិតនៅឡើយគិតចាប់ពីឆ្នាំ២០១៤ មក ដោយសារចំណាត់ការរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងជម្លោះនៅអង្គការ WTO ទាក់ទងនឹងការដាក់របាំងមិនឱ្យចូលក្នុងទីផ្សាររបស់រុស្ស៊ី។ ប៉ុន្តែទីភ្នាក់ងារពាណិជ្ជកម្មរបស់អាមេរិកនេះបានឱ្យដឹងថា ខ្លួននឹងបន្តជួបជាមួយភាគីពាក់ព័ន្ធក្នុងវិស័យនេះ ដើម្បីពិភាក្សាអំពីក្តីកង្វល់និងយុទ្ធសាស្រ្តរបស់ពួកគេ ដើម្បីជម្រុះចោលឧបសគ្គបែបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕