(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញការអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥» ដែលមានចក្ខុវិស័យអភិវឌ្ឍវិស័យនេះ ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់, មានតម្លៃបន្ថែមខ្ពស់, ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។

នេះបើយោងតាមឯកសារក្របខណ្ឌយុទ្ធសាស្រ្ដ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

ឯកសារក្របខណ្ឌយុទ្ធសាស្ត្របានបញ្ជាក់ថា វិស័យកាត់ដេរដែលជាទូទៅ រាប់បញ្ចូលផលិតកម្មស្បែកជើង និងកាបូប បានអភិវឌ្ឍជាបន្តបន្ទាប់អស់រយៈពេលជិត៣ទសវត្សរ៍កន្លងមក និងបានបន្តរួមចំណែកសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ច
ចម្បងៗជាច្រើនរួមមាន៖ កំណើនសេដ្ឋកិច្ច, ការនាំចេញ, ការវិនិយោគ, ការកាត់បន្ថយអត្រាភាពក្រីក្រ និងការបង្កើតការងារ។

ទោះជាយ៉ាងនេះក្តីវិស័យនេះ បានទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ គួបផ្សំនឹងបញ្ហាជារចនាសម្ព័ន្ធ ដែលធ្វើឱ្យការរីកចម្រើននៃវិស័យនេះមានភាពយឺតយ៉ាវ។ ជារួមវិស័យនេះ នៅបន្តជាមជ្ឈមណ្ឌលផលិតកម្ម ដែលមានតម្លៃបន្ថែមទាប ហើយសមាហរណកម្មនៃឧស្សាហកម្ម គាំទ្រក្នុងដំណើរការផ្សេងទៀត នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃនៅមានកម្រិតទាប។

បញ្ហាប្រឈមសំខាន់ៗសម្រាប់វិស័យនេះរួមមាន៖
* កង្វះពលកម្មជំនាញក្នុងស្រុក ទាំងគុណភាព និងបរិមាណ និងគន្លងអាជីពសម្រាប់កម្មករ-និយោជិត ក៏ដូចជាការជំរុញផលិតភាពរបស់កម្មករ-និយោជិត។
* កង្វះភាពប៉ាន់ប្រមាណបាន និងស្ថិរភាពដែលបណ្តាលមកពីបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ, លក្ខខណ្ឌការងារ និងសុខុមាលភាពកម្មករ-និយោជិតនៅមានកម្រិត, កង្វះផលិតកម្មតម្លៃបន្ថែមខ្ពស់ និងចំនួនម្ចាស់រោងចក្រ ឬអ្នកវិនិយោគក្នុងស្រុក នៅមានកម្រិតទាប, កង្វះឧស្សាហកម្មគាំទ្រនៅក្នុងវិស័យ និងបរិយាកាស
ធុរកិច្ចនៅមានកម្រិត, ពិពិធកម្មទីផ្សារនៅមានកម្រិត និងការពឹងផ្អែកខ្លាំងលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកង្វះកិច្ចសម្របសម្រួលអន្តរស្ថាប័ន ក្នុងចំណោមតួអង្គពាក់ព័ន្ធសំខាន់ៗ ជាដើម។

លើសពីនេះការអូសបន្លាយ នៃវិបត្តិនៃជំងឺកូវីដ១៩រហូតដល់បច្ចុប្បន្ន បានបង្កភាពមិនច្បាស់លាស់ ក្នុងវិស័យកាត់ដេរ ជាពិសេស នៅក្នុងទីផ្សារធំៗរបស់កម្ពុជា។

ម្យ៉ាងវិញទៀតស្ថានការណ៍ដែលកម្ពុជា គ្រោងនឹងឈានទៅចាកចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលឆាប់ៗខាងមុខ នឹងធ្វើឱ្យកម្ពុជាអាចបាត់បង់អត្ថប្រយោជន៍ជាបណ្តើរៗ ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាហេតុអាចនឹងបង្កផលប៉ះពាល់
ដល់វិស័យកាត់ដេរ និងផលិតសម្លៀកបំពាក់របស់កម្ពុជាបន្ថែមទៀត ដែលធ្លាប់តែពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម សម្រាប់នាំចេញទំនិញ ទៅទីផ្សារអន្តរជាតិសំខាន់ៗ។

បញ្ហាប្រឈម និងហានិភ័យទាំងនេះទាមទារឱ្យកម្ពុជាត្រូវគិតគូរ និងដោះស្រាយ ហើយត្រៀមខ្លួនចាប់យកកាលានុវត្តភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរឹងមាំ និងមានភាពធន់ខ្ពស់៕