(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំមកនេះ ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ គឺមានស្ថេរភាពកំណើនល្អ និងប្រមូលលើសផែនការជារៀងរាល់ឆ្នាំ។

ការគូសបញ្ជាក់បែបនេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយតាមអនឡាញ ស្តីពី «ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)» នាអគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ចំណូលពន្ធ គឺមានស្ថេរភាពល្អ មានកំណើនល្អ ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលលើសផែនការជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១២ មកដល់ពេលឥឡូវ»

លោក គង់ វិបុល បានលើកឡើងថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ ក្នុងបរិបទនៃជំងឺកូវីដ-១៩ គេរំពឹងទុកថា ចំណូលផ្ទៃក្នុងពន្ធដារនឹងមានការស្រុតចុះ ទៅគួរឲ្យកត់សម្គាល់ ក៏ប៉ុន្ដែផ្ទុយទៅវិញចំណូលឆ្នាំ២០២០ របស់ពន្ធដារមានការលើសផែនការចំនួន១.៣៦ភាគរយ។

លោកបានគូសបញ្ជាក់ថា ឆ្នាំ២០២០ ជាឆ្នាំនៃជំងឺកូវីដ-១៩ វាយលុកពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ប៉ុន្ដែចំណូលផ្ទៃក្នុង របស់អគ្គនាយកដ្ឋានពន្ធដារ នៅតែមានស្ថេរភាពល្អ ហើយប្រមូលចំណូលបានលើសផែនការទៀតផង។

ចំណូលថវិកាជាតិប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ១០ឆ្នាំមកនេះ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ មានស្ថេរភាពកំណើនល្អ៖

* នៅឆ្នាំ២០១២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ៧៥៩លានដុល្លារ លើសផែនការចំនួន៣.១២ភាគរយ

* នៅឆ្នាំ២០១៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ៩០១លានដុល្លារ លើសផែនការចំនួន៤.០៨ភាគរយ

* នៅឆ្នាំ២០១៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ១,០៦៧លានដុល្លារ លើសផែនការចំនួន៧.៤០ភាគរយ

* នៅឆ្នាំ២០១៥ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ១,៣០២លានដុល្លារ លើសផែនការចំនួន១១.៨២ភាគរយ

* នៅឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ១,៥០២លានដុល្លារ លើសផែនការចំនួន៥.៧០ភាគរយ

* នៅឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ១,៩៧៦លានដុល្លារ លើសផែនការចំនួន១៥.២០ភាគរយ

* នៅឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ២,១៩៧លានដុល្លារ លើសផែនការចំនួន១៤.២៧ភាគរយ

* នៅឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ២,៨១៩លានដុល្លារ លើសផែនការចំនួន២៣.២០ភាគរយ

* នៅឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ២,៨៨៩លានដុល្លារ លើសផែនការចំនួន១.៣៦ភាគរយ

* នៅឆ្នាំ២០២១ (១១ខែ) អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានសរុប ចំនួនប្រមាណ២,៥៦០លានដុល្លារ លើសផែនការចំនួន១៤.១៣ភាគរយ៕