(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានសិក្ខាសាលា លើកកម្ពស់ការយល់ដឹង ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការរៀបចំខ្លួន ដើម្បីទទួលបានហិរញ្ញប្បទាននានា ដែលមានស្រាប់នៅក្នុងទីផ្សារ ដូចជា ការបោះផ្សាយលក់មូលបត្រជាសាធារណៈ, ការបោះផ្សាយលក់មូលបត្រជាឯកជន តាមរយៈប្រភពធនាគារ ក៏ដូចជា ការវិនិយោគពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ព្រមទាំងការជួយគាំទ្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និងនិយ័តករមូលបត្រកម្ពុជា សម្រាប់ក្រុមហ៊ុនដែលមានបំណងជ្រើសរើសហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ។

សិក្ខាសាលាស្ដីពី «ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» នេះ ត្រូវបានរៀបចំឡើង ដែលជាការសហការគ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនិងនិយ័តករមូលបត្រកម្ពុជា នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា និងតាមប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលពីសំណាក់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា និងម្ចាស់ក្រុមហ៊ុន សហគ្រាសនៅកម្ពុជាជាច្រើនទៀតផងដែរ។

កម្មវិធីនេះត្រូវបានរៀបចំឡើងជា៣វគ្គ រួមមាន៖ វគ្គទី១ «វឌ្ឍនភាពទីផ្សារមូលបត្រ» វគ្គទី២ កិច្ចពិភាក្សា «ជម្រើសហិរញ្ញប្បទាន និងការគ្រប់គ្រងសាច់ប្រាក់ដែលលើសរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» និងវគ្គទី៣ ការចែករំលែកបទពិសោធន៍ របស់ក្រុមហ៊ុន ឌីប៊ីឌី អិនជីនារីង ដែលជាក្រុមហ៊ុនទីមួយចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅលើទីផ្សារកំណើន។

វាគ្មិនកិត្តិយសនៃសិក្ខាសាលានាព្រឹកនេះ គឺជាអ្នកជំនាញក្នុងវិស័យមូលបត្ររួមមាន និយ័តករមូលបត្រកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុន ខេមបូឌាន អ៊ុនវេសស្ទ័រ ខ្សែភីថល ផាតនើរ ម. ក, ក្រុមហ៊ុន ប៊ី ខេភីថល ភីអិលស៊ី, ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ភីអិលស៊ី, និងក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជីនារីង ម.ក៕