(ភ្នំពេញ)៖ អ្នកជំនួញល្បីឈ្មោះ ក្នុងវិស័យកសិកម្ម ឧកញ៉ា ហ៊ុន ឡាក់ បានអំពាវនាវឲ្យកសិករ ផ្លាស់ប្ដូរទម្លាប់នៃការដាំដុះ ដោយប្រើសារធាតុគីមីថាមពល ងាកមកយកការអនុវត្ត ជាប្រព័ន្ធសុវត្ថិភាពជំនួយវិញ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម ចូលរួមសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាព តាមស្តង់ដារនៃការអនុវត្តកសិកម្មល្អ (GAP)។

ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «ហេតុអ្វីបានជា ត្រូវធ្វើទំនើបកម្មកសិកម្ម គោលបំណងរបស់ខ្ញុំ គឺចង់កសិករផ្លាស់ប្ដូរទម្លាប់នៃការដាំដុះ ប្រើសារធាតុគីមីថាមពល ងាកមកយកការអនុវត្ត ជាប្រព័ន្ធសុវត្ថិភាពជំនួយវិញ»

បន្ថែមពីនោះទៀត ឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ប្រព័ន្ធសុវត្ថិភាពនេះ បណ្ដុំទៅដោយអ្នកធ្វើកសិកម្មអាជីព ដែលអាចជួយដល់ដាំដុះរបស់កសិករ ព្រោះថា កន្លងមកការដាំដុះរបស់កសិករ គឺដាំនៅលើទីលាន ហើយធ្វើបានប្រហែលបីទៅបួនដងទេ ក្នុងមួយឆ្នាំប៉ុណ្ណោះ។

ឧកញ៉ា ហ៊ុន ឡាក់ បន្ដទៀតថា ទន្ទឹមនឹងនោះទៀត ទិន្នផលដែលកសិកទទួលបានគឺទាប ហើយត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីការពារសត្វល្អិត ក៏ប៉ុន្តែមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ធ្វើជាលក្ខណៈទំនើបកម្មកសិកម្ម តាមលក្ខណៈបច្ចេកទេស។

លើសពីនោះទៀត អ្នកជំនួញល្បីឈ្មោះ ក្នុងវិស័យកសិកម្ម រូបនេះ បានគូសបញ្ជាក់ថា ប្រព័ន្ធសុវត្ថិភាពពេលអនាគត គឺនឹងជួយទៅដល់សុខភាពអ្នកប្រើប្រាស់ ទន្ទឹមនឹងនោះ អាចកសាងភាពជឿជាក់ ទៅដល់អ្នកប្រើប្រាស់ផងដែរ ខណៈការដាំដុះងាចប្រមូលផល នៅទាំងរដូវប្រាំងរដូវវស្សា បានរហូតទៅដល់៨ដងក្នុងមួយឆ្នាំ។

បើតាមឧកញ៉ា ហ៊ុន ឡាក់ នៅដំណាក់កាលដំបូង នៃការរៀបចំមជ្ឈមណ្ឌលនេះ ក្រុមហ៊ុនបានប្រើប្រាស់ ទុនវិនិយោគផ្ទាល់ខ្លួន គិតចាប់ពីដើមខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។

ឧកញ៉ា ហ៊ុន ឡាក់ បានបន្ថែមទៀតថា រយៈពេលប្រមាណ១ខែមកនេះ ក្រុមហ៊ុនបានខិតខំប្រឹងប្រែងរៀបចំ រហូតប្រែក្លាយទីតាំងនេះ លេចចេញជារូបរាង ទោះបីប្រឈមនឹងបញ្ហាលំបាក ដោយសារអាកាសធាតុ និងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍២០-កុម្ភៈក៏ដោយ។

គូសបញ្ជាក់ថា មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ប្រើប្រាស់ដីទំហំ៦ហិកតា ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខាងក្នុង និងជុំវិញមជ្ឈមណ្ឌលមានដូចជា៖

ការជីកស្រះទឹក ការចាក់បំពេញដី ការពារទឹកលិចរដូវវស្សា ការរៀបចំប្រព័ន្ធផ្លូវទឹក អគ្គិសនី ការដំឡើងផ្ទះសំណាញ់ ភ្ជាប់ជាមួយប្រព័ន្ធទឹកដំណក់ទឹកស្រោចស្រព ទំហំ១០ម៉ែត្រ គុណ៤៩ម៉ែត្រ ចំនួន២០ខ្នង ដើម្បីធានាការដាំដុះទាំង នៅរដូវប្រាំង និងរដូវវស្សា ដោយប្រើប្រាស់ទឹកតិច និងជីតិចព្រមទាំងដាំដុះ ប្រមូលផល បានចន្លោះពី ៨-៩ដង/ឆ្នាំ ថ្នាលបណ្តុះកូនពូជបន្លែ ព្រមទាំងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ប្រចាំថ្ងៃ។

ការសាងសង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងសីតុណ្ហភាពសមស្រប ហើយនឹងការបំពាក់នូវម៉ាស៊ីនលាងសម្អាតប្រព្រឹត្តកម្ម និងវេចខ្ចប់ដោយស្វ័យប្រវត្តិ រួមជាមួយមធ្យោបាយដឹកជញ្ជូននានា ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានសិក្សាលើថ្លៃដើម នៃការផលិតបន្លែក្នុងផ្ទះសំណាញ់ និងអាចធានាបានលើ ការប្រមូលផលវិលជុំពេញក្នុងមួយឆ្នាំផងដែរ៕