(ហាណូយ)៖ រោងចក្រក្នុងប្រទេសវៀតណាមត្រូវការកម្មកររាប់ពាន់នាក់ដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញ ឬពង្រីកប្រតិបត្តិការ ដោយសារកម្មករជាច្រើនមិនទាន់វិលត្រលប់មកធ្វើការវិញនៅឡើយបន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំវៀតណាមរយៈពេល ៩ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី៦ ខែកុម្ភៈ។ នេះបើយោងតាមកាសែត VNExpress របស់វៀតណាម។

ក្នុងទីក្រុង Bac Giang ក្រុមហ៊ុនចំនួន៧២ បានចុះបញ្ជីជ្រើសរើសបុគ្គលិកកម្មករជាង ៤៣.០០០នាក់តាមរយៈសេវាជ្រើសរើសការងាររបស់ខេត្តស្ថិតនៅភាគខាងជើងមួយនេះ ដែលកើនឡើង ១១ភាគរយធៀបនឹងចុងឆ្នាំមុន។

លោក Nguyen Xuan Ngoc អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងសួនឧស្សាហកម្មក្រុង Bac Giang បានប្រាប់កាសែត VNExpress ថា កង្វះកម្លាំងពលកម្មកើតមានឡើង ខណៈដែលរោងចក្រនានាចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅសប្តាហ៍នេះ ប៉ុន្តែបុគ្គលិកកម្មករដែលរស់នៅក្នុងខេត្តខ្ពង់រាបភាគខាងជើងនានាមិនទាន់វិលត្រលប់មកវិញនៅឡើយ ដោយសារពួកគេចង់ចំណាយពេលយូរជាមួយក្រុមគ្រួសាររបស់ខ្លួន។

លោកបន្ថែមថា មានការរំពឹងថា ពួកគេនឹងវិលត្រលប់មកធ្វើការវិញនៅថ្ងៃទី១៥ ខែកុម្ភៈ។

សម្រាប់ត្រីមាសដំបូងក្នុងឆ្នាំនេះ កម្មករចំនួន ១០.០០០នាក់ត្រូវការជាចំបាច់សម្រាប់ក្រុមហ៊ុននានាស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម ដើម្បីបំពេញជំនួសកម្មករដែលបានបោះបង់ការងារ និងដើម្បីពង្រីកប្រតិបត្តិការ។

ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យវាយនភ័ណ្ឌ និងអេឡិចត្រូនិចត្រូវបានរាយការណ៍ថាជាក្រុមហ៊ុនដែលត្រូវការកម្មករច្រើនជាងគេក្រោយបុណ្យចូលឆ្នាំវៀតណាម។ ក្រុមហ៊ុន Luxshare ICT Vietnam Ltd ដែលជាក្រុមហ៊ុនផលិតកម្មដៃគូរបស់ក្រុមហ៊ុន Apple កំពុងជ្រើសរើសកម្មករថ្មីចំនួន ៣០.០០០នាក់។ ក្រុមហ៊ុនផលិតកម្មផ្សេងទៀតរួមទាំងក្រុមហ៊ុន New Wing Interconnect Technology (Bac Giang) Co. Ltd និងក្រុមហ៊ុន Lens Technology Vietnam Co. Ltd ត្រូវការកម្មករពី ១.៥០០នាក់ដល់ ៥.០០០នាក់។

គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ុនចំនួន ៣១០ ក្នុងចំណោមក្រុមហ៊ុន ៣៨៣ក្រុមហ៊ុនក្នុងទីក្រុង Bac Giang បានបើកដំណើរការប្រតិបត្តិការវិញហើយ។ កម្មករប្រហែល ១៣៥.០០០នាក់ក្នុងចំណោម ១៨០.០០០នាក់ ឬស្មើនឹងជិត ៧៣ភាគរយបានវិលត្រលប់មកធ្វើការវិញ។

ក្នុងទីក្រុង Bac Ninh កម្មករប្រហែល ៨០ភាគរយក្នុងវិស័យអេឡិចត្រូនិចបានចាប់ផ្តើមធ្វើការវិញ ខណៈដែលការចាប់ផ្តើមការងារវិញធ្វើឡើងយឺតៗក្នុងឧស្សាហកម្មវាយនភ័ណ្ឌ និងស្បែកជើង។

លោកស្រី Nguyen Thi Van Ha ប្រធានសហព័ន្ធពលកម្ម Bac Ninh បានថ្លែងថា កម្មករជាច្រើនមិនទាន់វិលត្រលប់មកធ្វើការវិញទេ។ លោកស្រីថ្លែងថា សហជីព និងសហគ្រាសបានស្នើឱ្យពួកគេវិលត្រលប់មកធ្វើការវិញឱ្យបានឆាប់។

រោចក្រជាច្រើនក្នុងទីក្រុង Bac Ninh នៅខ្វះកម្មករបន្ទាប់ពីខេត្តនេះរងគ្រោះខ្លាំងដោយសារការផ្ទុះជំងឺកូវីដ-១៩ កាលពីខែមីនា ឆ្នាំ២០២១៕ នេះបើយោងតាមកាសែត VNEpress៕