(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានបង្ហាញប្រាក់ចំណេញសុទ្ធ ៨៥លានដុល្លារសិង្ហបុរី (៦២,៩លានដុល្លារ) នៅត្រីមាសទី៣ ដោយសារទីផ្សារដឹកទំនិញខ្លាំង និងការកើនឡើងចំនួនអ្នកធ្វើដំណើរ ខណៈដែលប្រទេសសិង្ហបុរីបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនរបស់ខ្លួន។ នេះបើយោងតាមកាសែត Channel News Asia។

នៅថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសលើកដំបូងរបស់ខ្លួនគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក មុនពេលមានការរាតត្បាតជំងឺកូវីដ-១៩។ ប្រាក់ចំណេញប្រចាំត្រីមាសទី៣ នៃឆ្នាំសារពើពន្ធ២០២១-២០២២ របស់ក្រុមហ៊ុនដែលបានបញ្ចប់នៅថ្ងៃទី២៣ ខែធ្នូ បានកើតមានឡើងស្របពេលដែលក្រុមហ៊ុនខាតបង់ ១៤២លានដុល្លារសិង្ហបុរីសម្រាប់រយៈពេលមួយឆ្នាំ។

ប្រាក់ចំណូលបានកើនឡើងដល់ ២,៣២ប៊ីលានដុល្លារសិង្ហបុរីពី ១,០៧ប៊ីលានដុល្លារសិង្ហបុរីនៅឆ្នាំមុន។

កាសែត Channel News Asia បានរាយការណ៍ថា ប្រាក់ចំណេញនៅត្រីមាសទី៣ របស់ក្រុមហ៊ុនអាកាសចរណ៍ SIA Group បានកើតមានឡើងក្នុងគ្រាដែលមានការកើនឡើងការធ្វើដំណើរផ្លូវអាកាសទៅនិងមកប្រទេសសិង្ហបុរីក្នុងចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងដោយសារតម្រូវការរឹងមាំ និងលទ្ធផលខ្លាំងនៅទីផ្សារដឹកទំនិញ។

ក្រុមហ៊ុនអាកាសចរណ៍ SIA Group បានឱ្យដឹងថា៖ «ការដាក់ដំណើរការកម្មវិធី Vaccinated Travel Lane (VTL) [ដែលមិនតម្រូវឱ្យធ្វើចត្តាឡីស័ក] របស់សិង្ហបុរី និងការពង្រីកកម្មវិធីនេះជាបន្តបន្ទាប់ ព្រមទាំងការឆ្លើយតបយ៉ាងរហ័សរបស់ក្រុមហ៊ុន ដែលបានជួយឱ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុនដំបូងគេដែលបើកដំណើរការលក់សំបុត្រហោះហើរស្ទើរតែសម្រាប់ផ្លូវហោះហើរដែលមានទាំងអស់ បានជួយជំរុញតម្រូវការក្នុងអំឡុងរដូវធ្វើដំណើរចុងឆ្នាំ»

នៅត្រីមាសទី៣ ក្រុមហ៊ុន SIA Group បានដឹកអ្នកដំណើរចំនួន ១,១លាននាក់ ដែលកើនឡើងជាង ៥ដងធៀបនឹងចំនួននៅត្រីមាសទី៣ នៃឆ្នាំកន្លងមក និងកើនឡើងទ្វេដងធៀបនឹងត្រីមាសទី២ នៃឆ្នាំសារពើពន្ធ២០២១-២០២២។ នេះបើយោងតាមកាសែត Channel News Asia ៕