(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងវប្បធម៌ ប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ» ដើម្បីចូលរួមដាស់ស្មារតីរបស់យុវជន ឱ្យរួមគ្នាបង្កើតបច្ចេកវិទ្យាថ្មី ផលិតផលថ្មី ស្នាដៃថ្មី សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ។

ថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២ នាថ្ងៃទី២៦ ខែមេសានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក មិនត្រឹមតែជាការរំលឹកខួបនៃការចូលជាធរមាន នៃ អនុសញ្ញា ស្តីពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ នឹងបង្កើតឱកាសឱ្យស្ថាប័នរដ្ឋរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមកម្លាំងគ្នា និងបង្កើនកិច្ចសហការចូលរួមលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា និងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់យើងជាពិសេស ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាជាដើម។

លោកបន្តថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញានៃកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពីការអនុវត្តផែនការរបស់ កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស បានជាឧបករណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដើម្បីទទួលបានជំនួយបច្ចេកទេស ពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងការកសាងច្បាប់ ធ្វើទំនើបកម្មស្ថាប័នកម្មសិទ្ធិបញ្ញា កសាងកេរ្តិ៍ឈ្មោះម៉ាកផលិតផលសក្តានុពលកម្ពុជា និងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ដល់សាធារណជន និងគ្រឹះស្ថានសិក្សា។

អនុស្សារណៈនៃការយោគយល់គ្នានេះនឹងចូលរួមពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំងដល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផល របស់ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសហគ្រាសរបស់ខ្លួន តាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពលជាច្រើន ដូចជា ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំមណ្ឌលគិរី និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា អំបិល និងផ្កាអំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពត។

ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព អំបុកកំពង់ធំ អង្ករព្រះវិហារ និងគ្រោងចុះបញ្ជីបន្ថែមទៀត នូវម៉ាកសមូហភាពដូចជា៖ ចម្លាក់បាក់ស្ពាន់ខេត្តកណ្តាល ក្រូចពោធិ៍សាត់ នំបញ្ចុកសៀមរាប និង ដូងបាត់ដំបង ដែលបានរួមចំណែកសំខាន់ ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងសារលិខិត អបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះ ក៏ផ្ដល់ឱកាសដល់យុវជនផងដែរ ក្នុងការបង្កើនការយល់ដឹងបន្ថែមទៀត អំពីច្បាប់កម្មសិទ្ធិបញ្ញារបស់កម្ពុជារួមមាន ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់ ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ច្បាប់ស្តីពី ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។

ការយល់ដឹងរបស់យុវជនបន្ថែមទៀត ចំពោះច្បាប់កម្មសិទ្ធិបញ្ញាអាចគាំទ្រដល់មហិច្ឆតារបស់យុវជន ក្នុងការទទួលបានចំណេះដឹងក្នុងការបង្កើតថ្មី ដើម្បីអនាគតកាន់តែប្រសើរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិបានជ្រាបរួចហើយ អំពីបរិការណ៍ពិភពលោក ដែលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយផ្អែកលើធនធានមនុស្ស ចំណេះដឹង និងគំនិតច្នៃប្រឌិត ដើម្បីជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម ព្រមទាំងដោះស្រាយវិបត្តិ ដែលសាកលលោកកំពុងប្រឈមរួមមាន៖ វិបត្តិសុខភាពសាធារណៈ កំណើនដង់ស៊ីតេប្រជាជនសរុបក្នុងពិភពលោក និងបម្រែបម្រួលអាកាសធាតុ ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងគំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោក។ និន្នាការនេះ បានដាក់សម្ពាធឱ្យបណ្តាប្រទេសនានា យកចិត្តទុកដាក់ជាខ្លាំង ទៅលើការធ្វើអន្តរជាតិនីយកម្ម នៃប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីពង្រីកកិច្ចការពារ និងលើកទឹកចិត្តជំរុញឱ្យមានរបកគំហើញថ្មីៗ»