(ភ្នំពេញ)៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញអង្ករបានចំនួន ២២១ ១៣៨ តោន និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដោយទទួលបានទឹកប្រាក់សរុបមានចំនួន ៥១៦.២១ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ។

ទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា «ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ២២១ ១៣៨ តោន កើនឡើង១៤.៨៨% និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១ លានដុល្លារសហរដ្ឋអាមេរិក»

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុននាំចេញចំនួន ៤៨ ក្រុមហ៊ុន បានធ្វើការនាំចេញទៅកាន់គោលដៅចំនួន ៥៤ ដែលក្នុងនោះ កម្ពុជាបាននាំទៅ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវបាន បានចំនួន ១១៥ ២៥៥ តោន ឬស្មើនឹង៥២.១២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២.៧៤ លានដុល្លារ, តំបន់អឺរ៉ុបមានបរិមាណ ចំនួន ៦៨ ៥៥៥ តោន ឬស្មើនឹង ៣១% ទទួលបានទឹកប្រាក់ចំនួន ៥១.០២ លានដុល្លារ, តំបន់សមាជិកអាស៊ាន ចំនួន ២១ ៨៧៦ តោន ឬស្មើនឹង ៩.៨៩ % ទទួលបានទឹកប្រាក់ចំនួន១៣.៩០លានដុល្លារ និងបណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ ខាងលើបានចំនួន ១៥ ៤៥២ តោន ឬស្មើនឹង ៦.៩៩% គិតជាទឹកប្រាក់មានចំនួន ១១.៧៤ លានដុល្លារ។

អង្ករដែលបាននាំចេញរួមមាន ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមាន ចំនួន ៦៧.១២% , អង្ករស ចំនួន ៣០.១៣% , អង្ករចំហុយចំនួន ១.០៧% និងអង្ករសរីរាង្គចំនួន ១.៦៨% ។

ចំណែកការនាំចេញស្រូវក្នុងរយៈពេល៤ខែនេះ តាមរយៈការឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាម មានចំនួន ១ ៦៤៨ ៤៧៤ តោន ទទួលបានទឹកប្រាក់ប្រមាណ ៣៧៦.៦៤ លានដុល្លារ៕