(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា អគ្គនាយកដ្ឋានពន្ធប្តេជ្ញា ពង្រឹងការអនុវត្តច្បាប់ពន្ធដារ ការប្រមូលពន្ធ និងលុបបំបាត់ការគេចវេសពន្ធផ្សេងៗ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់អ្នកជាប់ពន្ធទាំងអស់ និងជំរុញឱ្យធ្វើឱ្យកម្ពុជា លុបឈ្មោះចេញពីបញ្ជីប្រផេះ ដើម្បីទាក់ទាញលំហូរ វិនិយោគពីក្រៅប្រទេស។​

លោក គង់ វិបុលថ្លែងបែបនេះ ធ្វើឡើងនៅក្នុងវេទិកាពន្ធដារ ឆ្នាំ២០២២ ដែលរៀបចំឡើង ដោយសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែល។

លោក គង់ វិបុល បានបញ្ជាក់ថា​ ការពង្រឹងលើការប្រមូលពន្ធ ​គឺដើម្បីបង្កើត​ឱ្យមានការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ រវាងអ្នកធ្វើធុរកិច្ចនៅកម្ពុជា ហើយករណីនេះ ក៏នឹងជំរុញឱ្យកម្ពុជា លុបចេញពីបញ្ជីប្រផេះ។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងបន្ទាប់ពីក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពី​ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» ដែលពិភពលោក ត្រូវបង្កើនការតាមដាន​។

លោកបានគូសបញ្ជាក់ថា «កម្ពុជា មានភ្នាក់ងារប្រឆាំងនឹងការលាងសម្អាតប្រាក់ ព្រោះប្រទេសកម្ពុជា កំពុងស្ថិតក្នុងបញ្ជីប្រផេះ យើងមានយន្តការផ្សេងៗ ដែលយើងសង្ឃឹមថា ប្រទេសកម្ពុជានឹងចាកចេញពីបញ្ជីប្រផេះ ហើយវិលទៅស្ថិតក្នុងបញ្ជីសម្តងទៀត ដើម្បីទាក់ទាញលំហូរវិនិយោគពីក្រៅប្រទេស មកបណ្តាក់ទុននៅកម្ពុជា»។

លោក គង់ វិបុល បានថ្លែងបន្តថា រយៈពេល២-៣ឆ្នាំកន្លងមកនេះ អគ្គនាយកពន្ធដារចាប់បានករណីព្យាយាមគេចពន្ធបានជាច្រើន​​ ដែលក្រុមហ៊ុនមួយចំនួនប្រព្រឹត្ត។ ជាមួយគ្នានេះ​សមាគមធុរកិច្ចខ្លះ ក៏បាន​ស្នើការអនុគ្រោះលើការប្រមូលពន្ធផងដែរ។ តែយ៉ាងណា លោកមិនអាចបណ្តោយឱ្យមានអំពើគេចពន្ធបានទៀតនោះ ព្រោះកម្ពុជាត្រូវសាងកេរ្តិ៍ឈ្មោះ និងឈានទៅជាប់ឈ្មោះក្នុងបញ្ជី សឡើងវិញ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ​ពីខែមករា ដល់ខែតុលាឆ្នាំនេះ ពន្ធដារប្រមូលចំណូលបានជាង ១០៤%នៃច្បាប់ថវិកាជាតិ​ និងរំពឹងថា រហូតដល់ដំណាច់ឆ្នាំនេះ ការប្រមូលពន្ធដារ ​នឹងលើសផែនការពី១៥% ទៅ២៥%៕