(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសមាគមពាណិជ្ជកម្មមួយរបស់រដ្ឋាភិបាលចិន ដើម្បីបង្កើនពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការប្រេងដូង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់ក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ីថា ភាពជាដៃគូរបស់ខ្លួនជាមួយសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញម្ហូបអាហារ ផលិតផលដើម និងផលិតផលសត្វ នឹងជួយម៉ាឡេស៊ីឱ្យទទួលបានចំណែកទីផ្សារមកវិញនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ។

ម៉ាឡេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីរក្នុងពិភពលោក និងប្រទេសចិន ដែលជាអ្នកទិញធំជាងគេទីពីរក្នុងពិភពលោក នឹងរួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រេងដូងប្រកបដោយនិរន្តរភាពរបស់ម៉ាឡេស៊ីក្នុងប្រទេសចិន ក៏ដូចជាការបង្កើតនិងការអនុវត្តបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិតនៅក្នុងចម្ការដូងប្រេងជាដើម។

ក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសចិនមានបំណងចង់ធ្វើការជាមួយម៉ាឡេស៊ី ដើម្បីធានាការផ្គត់ផ្គង់ប្រេងដូងទៅកាន់ប្រទេសនេះ»។ ក្រុមប្រឹក្សានេះបានបន្ថែមថា អនុស្សរណៈនេះ «នឹងជួយបង្កើនទំនុកចិត្តរបស់ចិនចំពោះប្រេងដូងរបស់ម៉ាឡេស៊ី»។

ក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ីបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ «នឹងជួយសម្រួលដល់ការចូលរួមរបស់ប្រទេសចិនក្នុងការរុករកបច្ចេកវិទ្យាសម្រាប់យន្តការដូងប្រេងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលនឹងជួយបង្កើនផលិតភាព និងកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មមនុស្សនៅក្នុងចម្ការ»។

ក្នុងឆ្នាំ២០២២ ម៉ាឡេស៊ីបាននាំចេញប្រេងដូង និងផលិតផលដូងប្រេងចំនួន ៣,១៤លានតោនទៅកាន់ប្រទេសចិន ដែលធ្វើឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ខ្លួនសម្រាប់ប្រេងដែលអាចបរិភោគបាននេះបន្ទាប់ពីប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕