(កូរ៉េ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងភាពជាដៃគូជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បូកបី (ASEAN+3) និងទេសាភិបាលធនាគារកណ្តាលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានដាក់ចេញរបាយការណ៍ «ជំរុញឡើងវិញ នូវវិធីសាស្រ្តផ្តល់ហិរញ្ញប្បទាន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និង ភាពធន់ក្នុងអាស៊ាន+៣»

របាយការណ៍នេះ ត្រូវបានចេញផ្សាយក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦ របស់ ADB។ អាស៊ាន+៣ រួមមានរដ្ឋសមាជិកអាស៊ានទាំង១០ សាធារណៈរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

របាយការណ៍នេះ រួមមានការចងក្រងចុងក្រោយ នៃវិធីសាស្រ្តហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិតសម្រាប់អ្នកវិនិយោគឯកជន សាធារណៈ និងស្ថាប័នវិនិយោគក្នុងការសហការ លើហេដ្ឋារចនាសម្ព័ន្ធដែលធន់ និងត្រៀមជាស្រេចសម្រាប់ពេលអនាគត ដែលនឹងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនក្រោយជំងឺរាតត្បាតក្នុងប្រទេសអាស៊ាន+៣។

របាយការណ៍នេះក៏ផ្តល់ជា «សំឡេងអាស៊ាន+៣» ដល់កិច្ចពិភាក្សាអន្តរជាតិ ស្តីពីហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើតម្រូវការ បញ្ហាប្រឈម និងឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ី។

អគ្គនាយកគ្រប់គ្រង ADB លោក Woochong Um មានប្រសាសន៍ថា «យន្តការផ្តល់ហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិត គឺចាំបាច់ដើម្បីទាក់ទាញទុនឯកជន និងស្ថាប័ន រួមជាមួយនឹងមូលនិធិសាធារណៈ ដើម្បីផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលនឹងបង្កើតការងារ និងប្រាក់ចំណូល សម្រាប់សេដ្ឋកិច្ចក្នុងស្រុក។ គោលនយោបាយអំណោយផល និងក្របខណ្ឌបទប្បញ្ញត្តិ ត្រូវតែបង្កើតឡើង ដើម្បីកាត់បន្ថយហានិភ័យ ផ្តល់ការលើកកម្ពស់ឥណទាន និងមធ្យោបាយកាត់បន្ថយហានិភ័យ និងផ្តល់ឱកាសវិនិយោគ សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីសហការគ្នា»។

រដ្ឋមន្ត្រីក្នុងការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី និងជារដ្ឋមន្ត្រីទីពីរសម្រាប់ផ្នែកហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិលោកស្រី Indranee Rajah បានមានប្រសាសន៍ថា «ការបង្កើនការយល់ដឹងរបស់ វិនិយោគិន អំពីវិធីសាស្រ្តហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត នឹងក្លាយជាគន្លឹះក្នុងការលើកទឹកចិត្តឱ្យ មានការវិនិយោគកាន់តែច្រើន ក្នុងគម្រោងដែលទទួលបានហិរញ្ញប្បទានតិចតួចពីធានាគារ។ កត្តាជោគជ័យសំខាន់ៗពីករណីសិក្សាជាក់ស្តែង នៅក្នុងរបាយការណ៍ ផ្តល់មេរៀនដ៏មានប្រយោជន៍ សម្រាប់រដ្ឋាភិបាលដែលស្វែងរកការអនុវត្តវិធីសាស្រ្តហិរញ្ញប្បទាន នៅក្នុងសេដ្ឋកិច្ចរៀងៗខ្លួន»។

យោងតាម ADB តំបន់អាស៊ីកំពុងអភិវឌ្ឍនឹងត្រូវវិនិយោគ ១៣.៨ ពាន់ពាន់លាន (trillion) ដុល្លារ ឬ ១.៧ពាន់ពាន់លាន(trillion) ដុល្លារជារៀងរាល់ឆ្នាំ លើហេដ្ឋារចនាសម្ព័ន្ធចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០៣០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សម្រាប់ប្រទេសអាស៊ាន តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសរុប ត្រូវបានប៉ាន់ប្រមាណថា មានយ៉ាងហោចណាស់ចំនួន ២.៨ ពាន់ពាន់លាន(trillion) ដុល្លារសម្រាប់រយៈពេលដូចគ្នា ឬ ១៨៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ការបង្រួមគម្លាតហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ នឹងមានសារៈសំខាន់សម្រាប់ប្រទេស ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច និងសង្គមរៀងៗខ្លួន។ ការចូលរួមពីវិស័យឯកជន គឺជាកត្តាសំខាន់។ បច្ចុប្បន្ននេះ ទុនឯកជនជាង ២00 ពាន់ពាន់លាន (trillion) ដុល្លារត្រូវបានវិនិយោគ នៅក្នុងទីផ្សារមូលធនពិភពលោក។ យន្តការហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិត គឺត្រូវការជាចាំបាច់ ដើម្បីជំរុញហិរញ្ញប្បទានឯកជន និងស្ថាប័នសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និង ពង្រីកវិសាលភាពរបស់វា ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងក្នុងតំបន់ ខណៈដែលសេដ្ឋកិច្ចអាស៊ាន+៣ ងើបឡើងវិញពីជំងឺរាតត្បាត៕