(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។

លោក គួក តាវស៊ឺង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យូ ប៊ី អ៉ី ឌីវេឡបវេមិន បានបញ្ជាក់ថា លោកមានសេចក្ដីសោមនស្សរីករាយ ក្នុងការប្រារព្ធពិធីបើកសម្ភោធគម្រោងរបស់ក្រុមហ៊ុន Double star (Cambodia)Tire Co. ,Ltd ជាមួយនឹងលទ្ធភាពផលិតប្រចាំឆ្នាំចំនួន ៨.៥លានសំបកកង់ ដែលមានប្រសិទ្ធភាពខ្ពស់។

លោកបញ្ជាក់ទៀតថា ក្នុងនាមលោកតំណាងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ លោកសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំ និង ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់។ គម្រោង Double star ដែលមានទិន្នផលប្រចាំឆ្នាំ ៨.៥លានសំបកកង់ដែលមានប្រសិទ្ធភាពខ្ពស់ ត្រូវបានសាងសង់រួមគ្នា ដោយក្រុមហ៊ុន Double Star Goup និងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ។

Double Star Goup គឺជាសហគ្រាសល្បីឈ្មោះ ក្នុងពិភពលោក និងជាក្រុមហ៊ុននាំមុខគេក្នុងការផលិតសំបកកង់ ដ៏ឆ្លាតវៃរបស់ប្រទេសចិន ហើយត្រូវបានចុះបញ្ជីម៉ាកយីហោកំពូលទាំង៥០០ នៅអាស៊ីជាច្រើនឆ្នាំមកហើយ។

លោកបានសន្យាថា និងបំពេញកិច្ចសន្យា ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ ការសាងសង់ប្រកបដោយគុណភាពខ្ពស់ ការគ្រប់គ្រង់ស្ដង់ដាខ្ពស់ វឌ្ឍនភាពប្រកបដោយប្រសិទ្ធខ្ពស់ និងបញ្ចប់ការសាងសង់តាមកាលវិភាគ។

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការគ្រប់ជាន់ថ្នាក់ ប្រចាំខេត្តក្រចេះ ស្រុកស្នួល និងមន្ទីរពាក់ព័ន្ធដែលបានគាំទ្រយ៉ាងខ្លា ចំពោះគម្រោងរបស់លោក។ ដោយសារមានការជ្រោងជ្រែង និងផ្ដល់ការណែនាំទើបធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តក្រចេះ ទទួលបានលទ្ធផលល្អ។

លោក ឆៃ យ៉ុន សើន ប្រធានក្រុមហ៊ុនដូបលស្ដារបានថ្លែងថា មូលហេតុដែលក្រុមហ៊ុន ជ្រើសរើសសាងសង់រោងចក្រនៅខេត្តក្រចេះ៖

* កត្តាទី១ គឺដោយសារចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសចិន និងប្រទេសកម្ពុជា គឺជាប្រទេសជិតខាងដែលមានមិត្តភាពដ៏យូរលង់ និងជាសហគមន៍អនាគតរួមគា្ន ហើយកាលពីបីឆ្នាំមុន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើទស្សនកិច្ចនៅប្រទេសចិន មិនរាថយទោះមានខ្យល់ និងព្រិលខ្លាំង ក៏សម្ដេចបានឈរយ៉ាងរឹងមាំ ជាមួយប្រជាជនចិនដែលកំពុងប្រយុទ្ធប្រឆាំង នឹងការរាតត្បាតថ្មីនាពេលនោះ.

* កត្តាទី២ គឺខេត្តក្រចេះមានសក្តានុពល ព្រៃឈើ កៅស៊ូធម្មជាតិ និងធនធានច្រើនទៀត ព្រមទាំងគោលនយោបាយអនុគ្រោះ។ វាមិនត្រឹមតែជាសកម្មភាពដ៏សំខាន់មួយរបស់ Double Star Group ក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម «ផ្លូវ១ខ្សែក្រវ៉ាត់១» របស់ប្រទេសចិន ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មជាមិត្តរវាងចិន និងកម្ពុជា ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម និងសេដ្ឋកិច្ច របស់កម្ពុជា និងបង្កើតការងារជាច្រើនសំរាប់ប្រជាជន។

លោក វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ នៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលបាននិងកំពុងរួមចំណែក ជាមួយរដ្ឋបាលស្រុកស្នួល រដ្ឋបាលខេត្តក្រចេះ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមបានកាន់តែល្អប្រសើរ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទងដៃគូរអភិវឌ្ឍមកធ្វើការ វិនិយោគនៅក្នុងតំបន់ និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលនាំឲ្យតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានការអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកអភិបាលខេត្តបានបន្តថា ជាក់ស្តែងថ្ងៃនេះ បានរៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់ រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ដែលអ្នកវិយោគិនមកពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវិនិយោគលើផ្ទៃដីចំនួន ៤០ហិកតា និងទំហំទឹកប្រាក់វិនិយោគ ចំនួនប្រមាណជាង ១៣៨លានដុល្លារអាមេរិក គ្រោងនឹងសាងសង់ឲ្យបានបញ្ចប់រួចរាល់នៅក្នុងដំណាក់ទី១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

លោកសូមថ្លែងអំណរអរគុណ ចំពោះថ្នាក់នាំបុគ្គលិក និងកម្មករនិយោជិករបស់តំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អីស្នួល ដែលបានបំពេញបេសកម្មយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ច សង្គម និងជីវភាពប្រជាជនខេត្តក្រចេះ បានកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកសូមសំណមពរដល់ក្រុមហ៊ុនបច្ចេកទេសសាងសង់ សូមសាងសង់ឲ្យបានត្រឹមត្រូវតាមស្តង់ដា និងធ្វើការបំពាក់សម្ភារៈឧបករណ៍ការពារខ្លួន សម្រាប់បម្រើការសាងសង់ ដើម្បីការពារសុវត្តិភាព៕