(ព្រុចសែល)៖ សហភាពអឺរ៉ុប និងហ្វីលីពីន បានឱ្យដឹងនៅដើមសប្តាហ៍នេះថា ពួកខ្លួននឹងចាប់ផ្តើមឡើងវិញ នូវការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខណៈដែលសហភាពអឺរ៉ុប ព្យាយាមទាញយកប្រយោជន៍ ពីកំណើនសេដ្ឋកិច្ចកាន់តែលឿនរបស់អាស៊ី និងទទួលបានវត្ថុធាតុដើមសំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ បានជាប់គាំងនៅឆ្នាំ២០១៧ ជុំវិញការព្រួយបារម្ភរបស់សហភាពអឺរ៉ុប អំពីកំណត់ត្រាសិទ្ធិមនុស្ស ស្ថិតក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលត្រូវបានស្នងដំណែងនៅខែមិថុនា ឆ្នាំ២០២២ ដោយប្រធានាធិបតីលោក Bongbong Marcos ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Valdis Dombrovskis ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា ប្លុកអឺរ៉ុបស្វាគមន៍ «ការផ្លាស់ប្តូរទិសដៅ ប្រកបដោយវិជ្ជមាននេះ» ដែលធ្វើឡើងដោយរដ្ឋាភិបាលថ្មី របស់ប្រទេសហ្វីលីពីន ខណៈពេលដែលលើកទឹកចិត្ត ឱ្យមានវឌ្ឍនភាពបន្ថែមទៀត លើកិច្ចការសិទ្ធិមនុស្ស និងសិទ្ធិការងារ។

សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់ហ្វីលីពីន។ ពាណិជ្ជកម្មទំនិញមានតម្លៃ ១៨,៤ពាន់លានអឺរ៉ូ (២០ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២២ ហើយពាណិជ្ជកម្មសេវាកម្មានទំហំ ៤,៧ពាន់លានអឺរ៉ូ (៥,១ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២១។ លោក Dombrovskis បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលអាចសម្រេចបានណាមួយ អាចបង្កើនទំហំពាណិជ្ជកម្មចំនួន ៦ពាន់លានអឺរ៉ូ។

សហភាពអឺរ៉ុបបានកំណត់គោលដៅចរចាកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នានា ដោយសម្រេចបានកិច្ចព្រមព្រៀងជាមួយសិង្ហបុរី និងវៀតណាម ហើយកំពុងចរចាជាមួយឥណ្ឌូនេស៊ី និងថៃ។ សហភាពអឺរ៉ុបកំពុងសម្លឹងមើលវត្ថុធាតុដើម របស់ហ្វីលីពីនដូចជា នីកែល ទង់ដែង និងក្រូមីត (chromite) ដែលខ្លួនត្រូវការសម្រាប់ការផ្លាស់ប្តូរ ទៅរកការឧស្សាហកម្មមិនប៉ះពាល់បរិស្ថាន និងសម្រាប់បច្ចុប្បន្ននេះ អឺរ៉ុបពឹងផ្អែកខ្លាំងលើប្រទេសចិន។

ស្នងការពាណិជ្ជកម្មហ្វីលីពីនលោក Alfredo Pascual បានថ្លែងថា ប្រទេសរបស់លោកចង់ទទួលបានមូលធណ និងចំណេះដឹងពីក្រុមហ៊ុនរបស់សហភាពអឺរ៉ុប ដើម្បីចូលរួមក្នុងការកែច្នៃក្នុងស្រុកបន្ថែមទៀត។

ហ្វីលពីនទទួលបានអត្ថប្រយោជន៍រួចហើយ ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ របស់សហភាពអឺរ៉ុបសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានបំណងដំឡើងឋានៈទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលនៅពេលនោះ ហ្វីលីពីននឹងលែងទទួលបានប្រព័ន្ធ GSP+ តទៀតទេ។

លោក Pascual បានមានប្រសាសន៍ថា៖ «យើងចង់ទទួលបានអត្ថប្រយោជន៍ពី GSP + ដដែលនិងអត្ថប្រយោជន៍ផ្សេងៗទៀត»។

បច្ចុប្បន្ន ហ្វីលីពីនទទួលបានអត្ថប្រយោជន៍ពីការចូល ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដោយមិនគិតពន្ធសម្រាប់ផលិតផលប្រហែល ២ភាគ៣ រួមទាំងប្រេងដូង ម៉ាស៊ីនបូមធូលី ត្រីធូណា និងម្នាស់។ លោក Pascual បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាចអនុញ្ញាតឱ្យនាំចេញសារ៉ាយសមុទ្រ ថ្នាំជក់ ឈើ និងរុក្ខជាតិលម្អ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕