(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ​​អគ្គនាយកដ្ឋានពន្ធដារ ​នឹងដាក់ចេញនូវនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) ថ្មីមួយទៀត ​ដើម្បីពង្រឹងក្រមសីលធម៌ ​ការធ្វើសវនកម្មរបស់មន្រ្តីពន្ធដារ​ ក៏ដូចជាសម្រាប់ការស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់។

លោក គង់ វិបុល លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និង កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ការពង្រឹងក្រមសីលធម៌របស់មន្រ្តីពន្ធដារ ការពង្រឹងឱ្យល្អប្រសើរឡើងវិញ នូវការធ្វើសវនកម្ម ការពង្រឹងយន្តការ និងបទបញ្ញត្តិនានា ឱ្យ​មានការព្យាករណ៍ទុកមុនឱ្យមានភាពច្បាស់លាស់ យើងក្នុងនាមជាអង្គភាពផ្ទាល់ បានរៀបចំនូវ SOP ថ្មីទៀតបន្ថែម ទៅលើអ្វីនៃបទបញ្ញត្តិ ដែលមានជាធរមាន តាមការណែនាំរបស់សម្តេចមហាបរវធិបតី ក៏ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»

គម្រោងដាក់ចេញនូវ SOP ​ថ្មីមួយ​ទៀតនេះ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយវិស័យឯកជន​ ដែលបានផ្តល់ធាតុចូល នៅក្នុងការពន្យល់គ្នាទៅវិញទៅមក ​ដើម្បីធ្វើឱ្យ SOP ថ្មីនេះ កាន់តែមានភាពច្បាស់លាស់ នៅក្នុងការធ្វើសវនកម្ម ​និងការអនុលោមភាពរបស់វិស័យឯកជន​។

លោកបានឱ្យដឹងថា ការពិគ្រោះទៅលើ SOP ​ថ្មីមួយ​ទៀតនេះ បានធ្វើឡើងចំនួន ២ដងរួចមកហើយ នៅក្នុងកម្រិតអគ្គនាយកដ្ឋានពន្ធដារ​ និងកម្រិតក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ​ ដើម្បីកែលម្អនៃធាតុចូលរបស់វិស័យឯកជន ដែលធ្លាប់បានជួប​បញ្ហាប្រឈម​ ខណៈដែលកន្លងមកលោកបានពិនិត្យឃើញថា ការធ្វើសវនកម្ម មានត្រួតគ្នាច្រើន​ជាមួយវិស័យឯកជន ដែលពេលខ្លះវាក្លាយទៅជាការដាក់បន្ទុកធ្ងន់ ទៅលើវិស័យឯកជន​។

លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា នៅក្នុងខែនេះ យើងត្រូវបានចេញនូវ SOP ហ្នឹង ហើយទាំង SOP ខាងស៊ើបអង្កេតបទល្មើសពន្ធដារផងដែរ ព្រោះការស៊ើបអង្កេតវាមានផ្នែកមួយទៀត នៅក្នុងការសហការជាមួយអង្គភាព សម្អាតប្រាក់ផងដែរ។ យើងមានហើយ SOP ពីមុនមកពីរឿងការសម្អាតប្រាក់ ប៉ុន្តែយើងកែលម្អថែមទៀត ដើម្បីឱ្យមានភាពល្អប្រសើរ យើងក៏បានពិគ្រោះយោបល់ជាមួយវិស័យឯកជន ជាពិសេសឧកញ៉ា សុខ ពិសិដ្ឋ និងក្រុមការងាររបស់គាត់បានធ្វើផ្តល់ធាតុចូលជាច្រើនផងដែរ។ អ៊ីចឹងភាពច្បាស់លាស់ នៃការធ្វើសវនកម្ម និងការស៊ើបអង្កេតនេះ»