(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានចេញសារផ្ដាំផ្ញើមួយ ដល់យុវជនកម្ពុជា ក្នុងការចាប់យកចំណេះជំនាញអ្វីមួយឲ្យត្រូវនឹងតម្រូវការទីផ្សារ ដូច្នេះដើម្បីអាចចាប់យកចំណេះជំនាញត្រូវនឹងអ្វីដែលខ្លួនមាន គឺយុវជនត្រូវចេះសង្កេតមើលខ្លួនឯងថា ខ្លួនចេះអ្វី? ពូកែអ្វី? មានជំនាញអ្វី? បើដឹងថា ខ្លួនមានជំនាញលើអ្វីមួយហើយ ត្រូវចាប់យកជំនាញនេះឲ្យជាប់។

លោកបានបន្ដថា ក្រៅពីនេះត្រូវចេះមើលបរិយាការជុំវិញខ្លួនរស់នៅ ត្រូវចេះសង្កេតថា បរិយាកាសបែបនេះ យើងគួរធ្វើអ្វី? បរិយាកាសបែបនោះយើងគួរធ្វើអ្វី? កត្តាសំខាន់មួយទៀតនោះ គឺការរាប់អានមនុស្ស ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការរាប់អាន ព្រោះការរាប់អានខ្លះរុញយើងឲ្យទៅដល់គោលដៅ ប៉ុន្ដែការរាប់អានខ្លះនាំឲ្យយើងទៅខុសគោលដៅ។

ការលើកឡើងរបស់លោក ជេត ជាលី ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ផលិតភាពការងាររបស់យុវជន ពេលរៀនចប់ថ្នាក់ឧត្ដមសិក្សា»

លោក ជេត ជាលី បានថ្លែងឲ្យដឹងថា ដើម្បីចាប់យកជំនាញអ្វីមួយ សម្រាប់ប្អូនៗនិស្សិតសូមផ្ដាំ និងចង់ចាំថា ត្រូវចេះភ្ជាប់ឧបនិស័្សយធម្មជាតិរបស់ខ្លួនឯង ប្រសិនបើមានឱកាសរៀនសូត្រ ត្រូវប្រឹងប្រែងរៀនសូត្រ ព្រោះពេលនេះមានឱកាសច្រើនក្នុងការរៀន ប៉ុន្ដែបើគិតថាខ្លួនមិនពូកែរៀនសូត្រនោះទេ តែមានទេពកោសល្យ និងមានភាពវៃឆ្លាត វៀងវៃ ពូកែរកស៊ី ធ្វើការងារ អាចឆ្ពោះតម្រង់ទៅរកទាំងរឿងទាំងនោះបាន ដូច្នេះត្រូវចេះសង្កេតមើលខ្លួនឯង ត្រូវចេះផ្សារភ្ជាប់នឹងខ្លួនឯង ត្រូវចេះមើលបរិយាកាសព្រោះថា បរិយាកាសខ្លះអត់ត្រូវជាមួយនឹងយើងទេ នោះយើងក៏មិនអាចបោះជំហ៊ានបាននោះទេ។

លោក ជេត ជាលី បានបន្ដថា ដូច្នេះសូមប្អូនៗទាំងអស់សង្កេតមើលខ្លួនឯង សួរ និងត្រូវដឹងថា តើខ្លួនឯងពូកែលើអ្វី? ត្រូវចេះសង្កេតមើលបរិយាកាសជុំវិញកន្លែងដែលខ្លួននៅមើលថា អ្វីដែលខ្លួនឯងអាចធ្វើបាន និងធ្វើបានដោយវិធីណា។

លោកបានបន្ដថា រៀមច្បងគឺជាមនុស្សសំខាន់ ក្នុងការចង្អុលបង្ហាញផ្លូវដល់អ្នកជំនាន់ក្រោយ ដូច្នេះត្រូវចេះស្ដាប់ សង្កេត និងរៀនពីរៀមច្បម និងត្រូ​វចេះរាប់អានមនុស្សឲ្យបានត្រឹមត្រូវ ពោលត្រូវចេះរាប់អានមនុស្សដែលចេះគិតគូរ ជួយជម្រុញ និងរុញយើងឲ្យឆ្ពោះទៅរកគោលដៅ។

លោកបានបន្ថែមថា «សម្រាប់ប្អូនៗសិស្សានិសិស្សដែលបញ្ចប់ទី១២ហើយនៅតែលតោល ពុំទាន់រកឃើញកោះត្រើយនោះទេ ត្រូវខិតខំគិតរិះរកផ្លូវដោយខ្លួនឯង ហើយត្រូវឲ្យលោកគ្រូ-អ្នកគ្រូ រៀមច្បងជួយតម្រែតម្រង់ផ្លូវបន្ថែម»