​(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ជន​បរទេសនៅបណ្តាប្រទេសជាច្រើន បានបង្ហាញថា​ពួកគេចូលចិត្ត ពលរដ្ឋ​ និងកម្លាំងពលកម្មរបស់កម្ពុជា ដោយសារពួកគេមានភាពឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចេះគោរពចំពោះមេកើយ​ និងមិនខិលខូចជាដើម​ ដែលលោកលើកឡើងថា នេះគឺជាភាពខ្លាំងមួយរបស់ពលរដ្ឋកម្ពុជា។

លោកបណ្ឌិត ជេត ជាលី លើកឡើងបែបនេះ ធ្វើក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលិតភាពការងាររបស់យុវជន ពេលរៀនចប់ថ្នាក់ឧត្ដមសិក្សា» ​របស់បណ្តាញព័ត៌មាន Fresh News។

លោកបានមានប្រសាសន៍ថា ​ស្របពេលជនបរទេសបង្ហាញការពេញចិត្តចំពោះកម្លាំងពលកម្មកម្ពជា ​អ្នករៀបចំគោលនយោបាយ ​គួរបង្កើនជំនាញដល់កម្លាំងពលកម្មកម្ពុជាឱ្យកាន់តែច្បាស់លាស់​ឱ្យចំជំនាញនីមួយៗ ជាពិសេសក្នុងផ្នែកអប់រំគួរតែផ្តល់ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្តដល់ពួកគេបន្ថែមទៀត ពោលគឺបើជំនាញគណនេយ្យឱ្យច្បាស់ជំនាញគណនេយ្យ កុំព្យូរទ័រឱ្យច្បាស់កុំព្យូទ័រ ។

លោកបន្តថា «សម្រាប់ខ្ញុំ អ្នកអប់រំក្តី អ្នកគោលនយោបាយ​ អ្នកធ្វើការសម្រេចចិត្តក្តី ខ្ញុំគិតថា គួរតែអង្គុយជជែកគ្នាឱ្យស៊ីជម្រៅ កន្លែងណាភាពខ្លាំងរបស់យើង​ យើងមិនអាចទៅប្រកួតជាមួយគេគ្រប់រឿងបានទេ ដូចស៊ីហ្គេមថ្មីៗនេះ យើងមិនអាចប្រកួតគ្រប់វិញ្ញាសារបាននោះទេ យើងមើលវិញ្ញាសារណាខ្លាំងយើងធ្វើអ៊ីចឹងទៅ»

​សូមស្តាប់ការពន្យល់បន្ថែមរបស់ ​លោក ជេត ជាលី៖