(បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅថ្ងៃពុធថា ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ គួរតែមានផលប៉ះពាល់តិចតួចលើសេដ្ឋកិច្ចរបស់ប្រទេសថៃ ដរាបណាជម្លោះមិនរីករាលដាល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុថៃថា សេដ្ឋកិច្ចថៃនឹងបន្តទទួលបានការគាំទ្រ ពីគោលនយោបាយសារពើពន្ធ ហើយក្រសួងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងទៀតថា ប្រទេសថៃមានពាណិជ្ជកម្ម និងការវិនិយោគតិចតួចជាមួយអ៊ីស្រាអែល ឬអ៊ីរ៉ង់ ខណៈដែលភ្ញៀវទេសចរមកពីប្រទេសទាំងពីរមានត្រឹមតែ ១ភាគរយនៃភ្ញៀវទេសចរបរទេស សរុបកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា ក្រសួងបានបន្ថែមថា ការធ្លាក់ចុះទីផ្សារភាគហ៊ុនកាលពីថ្ងៃពុធ គឺដោយសារតែជម្លោះនេះ ដោយសន្ទស្សន៍ភាគហ៊ុនគោលបានធ្លាក់ចុះជាង ២ភាគរយ។

កាលពីសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា ខ្លួនរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចជាង ៤ភាគរយនៅឆ្នាំនេះ ដោយសារវិធានការជំរុញទីផ្សារអចលនទ្រព្យ។ សេដ្ឋកិច្ចថៃបានកើនឡើង ១,៩ភាគរយកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕