(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពី ការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

សេចក្ដីណែនាំបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដល់សហគ្រាស ដែលជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ-QIP) ដូចខាងក្រោម៖

១៖ ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ និងកាន់បញ្ជីកា គណនេយ្យឲ្យបានត្រឹមត្រូវ។

២៖ ចំពោះសហគ្រាសជា គ.ល.គ. ដែលទើបចុះបញ្ជីថ្មី នឹងទទួលបានការលើកលែងពន្ធអប្បបរមា សម្រាប់ឆ្នាំដំបូង ដោយមិនតម្រូវផ្តល់របាយការណ៍សវនកម្មឯករាជ្យ មកអគ្គនាយកដ្ឋានពន្ធដារឡើយ។ នៅឆ្នាំបន្ទាប់ សហគ្រាសជា គ.ល.គ មានកាតព្វកិច្ចផ្តល់របាយការណ៍សវនកម្មឯករាជ្យ មកអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយូរត្រឹមដំណាច់ខែមិថុនា នៃឆ្នាំបន្ទាប់នីមួយៗ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជា គ.ល.គ. ទាំងអស់ ដែលធ្វើសកម្មភាពអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕