(សិង្ហបុរី)៖ អ្នកដំណើរប្រហែល ១៦,៥លាននាក់ បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Changi របស់ប្រទេសសិង្ហបុរីក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលលើសពីកម្រិតមុនពេលមានជំងឺរាតត្បាត។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុនព្រលានយន្តហោះ Changi Airport Group (CAG) កាលពីថ្ងៃព្រហស្បតិ៍ថា អាកាសយានដ្ឋានបានគ្រប់គ្រងចលនាអ្នកដំណើរចំនួន ៥,៤៣លាននាក់នៅខែមករា ៥,៣៥លាននាក់នៅខែកុម្ភៈ និង ៥,៧៣លាននាក់ក្នុងខែមីនា។ តួលេខទាំងនេះស្មើនឹង ៩៦ភាគរយ, ១០៤,៣ភាគរយ និង ១០១,៧ភាគរយធៀបនឹងតួលេខ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ចំនួនសរុបនៃចលនាអ្នកដំណើរ នៅក្នុងត្រីមាសទី១ឆ្នាំនេះ មានលើសពីតួលេខដែលបានចុះបញ្ជីនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ចំនួន ០,៥ភាគរយ។ ចលនាយន្តហោះសរុបមានចំនួន ៨៩ ៤០០ ដែលស្មើនឹង ៩៤ភាគរយនៃចលនាដែលបានកត់ត្រា នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០១៩។

ក្រុមហ៊ុនព្រលានយន្តហោះ CAG បានឱ្យដឹងថា៖ «ចរាចរណ៍ទៅនិងមកពីតំបន់ភាគច្រើន បានធូរស្បើយវិញដល់កម្រិតឆ្នាំ២០១៩ ឬលើសពីនេះ»។ ក្រុមហ៊ុនបានបន្ថែមថា អ្នកដំណើរការមកពីអាមេរិកខាងជើងមានច្រើនជាងគេ ដោយមានចរាចរណ៍លើសពីកម្រិតមុនកូវីដចំនួន ២៥ភាគរយ។ នេះបើយោងតាមកាសែត CNA៕