(ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ឆ្នាំមកនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME BANK) បានផ្ដល់ឥណទានសរុបប្រមាណ៥០០លានដុល្លារអាមេរិក ដល់សហគ្រាសគោលដៅ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការគាំទ្រហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សហគ្រាសនៅកម្ពុជា» ដែលជាកម្មវិធីរបស់ FRESH BUSINESS។

លោកបណ្ឌិត លឹម អូន បានគូសបញ្ជាក់ថា «ការផ្ដល់ឥណទាន ប្រមាណ៥០០លានដុល្លារនេះ ក្នុងនោះ មានសហគ្រាសប្រមាណ ៣ពាន់សហគ្រាស ដែលទទួលបានអត្ថប្រយោជន៍ ពីសកម្មភាពរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា»

ទន្ទឹមគ្នានេះ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានឲ្យដឹងផងដែរថា គិតមកដល់ពេលនេះ ទំហំឥណទានសរុប ដែលធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជា ផ្ដល់ជូនអតិថិជន មានប្រមាណជិត៦០ពាន់លានដុល្លារ ក្នុងនោះក្រុមអាជីវកម្ម នៅក្នុងវិស័យលក់ដុំ-លក់រាយ ទទួលបានច្រើនជាងគេ។

បណ្ឌិត លឹម អូន បានឲ្យដឹងថា កម្ពុជាមានធនាគារ និងស្ថាប័នហិរញ្ញវត្ថុស្របច្បាប់សរុបជាង២០០ ដែលធ្វើការទាក់ទងនឹងការផ្ដល់ឥណទាន ជូនដល់អតិថិជន ហើយសាខាធនាគារ មានរាប់ពាន់សាខា នៅគ្រប់ទិសទីគ្រប់តំបន់ទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងគោលបំណងអនុវត្ដគោលនយោបាយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ គិតមកដល់ពេលនេះ SME BANK បានប្រតិបត្ដិការអស់រយៈពេល៣ឆ្នាំហើយ៕