(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រដ្ឋាភិបាលគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤០០ បាត (១០,៨៤ដុល្លារ) ចាប់ពីខែតុលា ឆ្នាំនេះទៅ ជាគោលនយោបាយមួយ ដែលអាចជួយលើកកម្ពស់ការប្រើប្រាស់ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីពីរ ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកនាំពាក្យ Chai Wacharonke ខណថ្លែងថា គណៈកម្មាធិការមួយនឹងជួបប្រជុំគ្នានៅខែនេះ ដើម្បីវាយតម្លៃថាឧស្សាហកម្មណាមួយ នឹងត្រូវរៀបចំសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ ហើយជំនួយអ្វីដែលអាចត្រូវបានផ្តល់ជូនដល់វិស័យ ដែលមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការដំឡើងប្រាក់ឈ្នួល។

រដ្ឋាភិបាលថៃក្នុងសប្តាហ៍នេះ បានកាត់បន្ថយការព្យាកររបស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤ ពី ២,៨ភាគរយមកត្រឹម ២,៤ភាគរយ ប៉ុន្តែបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៅតែអាចឈានដល់ ៣,៣ភាគរយប្រសិនបើការដាក់ដំណើរការគោលនយោបាយ «កាបូបឌីជីថល» ដែលផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្នុងទឹកប្រាក់ចំនួន ៥០០ពាន់លានបាតដែលបង្កើតឡើង ដើម្បីជំរុញការចំណាយត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងត្រីមាសទី៤ ដូចការរំពឹងទុក។

កាលពីឆ្នាំមុន រដ្ឋាភិបាលថៃបានប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ២,៣៧ភាគរយដល់ចន្លោះពី ៣៣០បាតទៅ ៣៧០បាត ពោលគឺជាការដំឡើងប្រាក់ឈ្នួល ដែលលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ចាត់ទុកថានៅមានកម្រិតទាបពេក។

គណបក្សភឿថៃដែលកំពុងកាន់អំណាច នៅប្រទេសថៃបានធ្វើយុទ្ធនាការលើការសន្យាថានឹងនាំមកនូវប្រាក់ឈ្នួលអប្បបរមាដល់ ៦០០បាតនៅឆ្នាំ២០២៧។ រដ្ឋាភិបាលមុនបានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៥,០២ភាគរយនៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕